រយៈពេល៤ឆ្នាំ នគរបាលកម្ពុជាបញ្ចូលជនជាតិចិន ដែលឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ត្រលប់ទៅចិនវិញ មានចំនួនជិត២ពាន់នាក់
ភ្នំពេញ ៖ នគរបាលកម្ពុជាបានចាប់បញ្ជូនជនជាតិចិនជិត២ពាន់នាក់ហើយ ដែលបានប្រព្រឹត្តបទល្មើស ពាក់ព័ន្ធករណីគំរាមជំរិតទារប្រាក់-ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP) និងបទល្មើសសេដ្ឋកិច្ច ត្រឡប់ទៅប្រទេសចិនវិញ ដើម្បីអនុវត្តទោសចាប់ពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន។
របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបង្ហាញថា ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ជនសង្ស័យជាជនជាតិចិនភាគច្រើនបាន ប្រព្រឹត្តបទល្មើស គឺ ទី១.បទល្មើសគំរាមជំរិតឆបោកតាមប្រព័ន្ធទូរគមនាគមន៍សរុបមានចំនួន ១,៥៦៧នាក់ ក្នុងនោះស្រីចំនួន ៣០៩នាក់ និងទី២.បទល្មើសសេដ្ឋកិច្ច (នៅប្រទេសចិន) សមត្ថកិច្ចស្នើសុំសហការចាប់ខ្លួនសរុបចំនួន៨២នាក់ក្នុងនោះស្រីចំនួន ១០នាក់។
របាយការណ៍បន្តថា តួលេខសម្រាប់ឆ្នាំ២០១៨ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ជនជាតិចិនដែលបានប្រព្រឹត្តបទល្មើសគំរាមជំរិត ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ សរុបចំនួន ៣៧៣នាក់ ក្នុងនោះស្រីចំនួន ៦៦នាក់។ បទល្មើសសេដ្ឋកិច្ច (នៅប្រទេសចិន) សមត្ថកិច្ចស្នើសុំសហការចាប់ខ្លួនសរុបចំនួន៣៤នាក់ ក្នុងនោះស្រីចំនួន៧នាក់។
ចំពោះករណីគំរាមជំរិតឆបោកតាមប្រព័ន្ធទូរគមនាគមន៍ នគរបាលកម្ពុជាបានបង្ក្រាបក្រុមសង្គមងងឹតចិនចំនួន ២៣៥នាក់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្រុកត្រាំកក់ និងស្រុកបាទី ខេត្តតាកែវ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

