សង្គម

ប៉ូលីសថៃចុះទៅដល់ទីតាំងណែនាំប្រជាពលរដ្ឋកុំលក់ក-ញ្ឆាឱ្យយុវជនក្រោម ២០ឆ្នាំ

BY
autoadmin
July 1, 2022

ថៃ៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរប្រទេសថៃបានចុះ​ត្រួតពិនិត្យតាម​តំបន់​ ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់​ក្នុង​ការ​រៀបចំ​តូប​លក់ដូរ ក៏ដូចជា​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​ណ៍។ ខណៈពេល​ចុះ​ពិនិត្យ ​បាន​រក​ឃើញ​ឈ្មោះ Dave អាយុ ៣៦ឆ្នាំ ជា​អ្នក​លក់​ក-ញ្ឆា កំពុងតែរៀប​ចំ​តុ​មួយ​មក​តាំង​លក់ ​ទើប​សុំ​មើល​អាជ្ញាប័ណ្ណលក់បែរជាមិនមានទៅវិញ មន្រ្តីនគរបាលក៏​បាន​សុំ​ការ​សហការ​ដោយប្រមូល​យកសម្ភារៈ ក៏ដូចជាណែនាំអោយពួកគេធ្វើលិខិតស្នើរសុំការអនុញ្ញាតិ​ បង្កើត​ហាង​នៅ​តាម​បណ្តោយ​ផ្លូវ Khao San ជាមុនសិន។

លោក Dave បាននិយាយថា គាត់បានចាប់ផ្តើមលក់ក-ញ្ឆាសរីរាង្គតាំងពីថ្ងៃដំបូងដែលវាត្រូវបានប្រកាសអោយលក់ដោយស្របច្បាប់ ដោយគាត់បានទៅលក់នៅប៉ាតាយ៉ាបានមួយថ្ងៃ បន្ទាប់មកគាត់បានលក់វានៅផ្លូវ Khao San ហើយបន្ទាប់មកក៏ចាប់ផ្តើមលក់នៅកាច់ជ្រុងឃ្វាលគោ និងបន្តផ្លាស់ទីរហូតដល់ក្បាលថ្នល់នៅ Rocco Bar។ ដោយសារតែមានឈ្មួញផ្សេងទៀត មករៀបចំតុលក់កញ្ឆាដូចគ្នា រហូតលោកត្រូវរើចេញទៅលក់អោយឆ្ងាយ ព្រោះ​លោកមិន​ចង់​មាន​បញ្ហា​ជាមួយ​នរណា​ម្នាក់ ដោយហាងរបស់លោកមានលក់ក-ញ្ឆាសរីរាង្គថ្លឹងលក់ជាក្រាម ដូចជា៖ ពូជមិនឆាឡុត ១ក្រាមតម្លៃ ៤៥០បាត ពូជក-ញ្ឆា កន្ទុយកំប្រុក ម្យ៉ាងវិញទៀតពូជ «Thai stick» ១ក្រាមតម្លៃ ២០០បាត។ល។ គ្រាន់តែទិញ១ក្រាម ហាងក៏រៀបចំវេចខ្ចប់អោយយ៉ាងល្អដោយមិនគិតថ្លៃ បន្ទាប់ពីនេះលោកនឹងទៅសាលាខណ្ឌ ដើម្បីសុំចុះឈ្មោះ និងកក់កន្លែងលក់នៅផ្លូវ Khao San អោយបានត្រឹមត្រូវ។

យ៉ាងណាមិញ លោកវរសេនីយ៍ឯក ថារ៉ាឌុល មានប្រសាសន៍ថា៖ «ថ្វីត្បិតតែច្បាប់នាពេលបច្ចុប្បន្នមិនបានចែងថា អ្នកមានសិទ្ធិកាន់កាប់រឺប្រើប្រាស់ជាអំពើខុសច្បាប់ក៏ដោយ ប៉ុន្តែចង់សុំអោយមានការចូលរួមគ្នាក្នុងការលក់ គឺសូមកុំលក់ទៅអោយយុវជនដែលមានអាយុក្រោម ២០ឆ្នាំ ប្រសិនបើជាជនជាតិថៃសូមត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណ ឬប្រសិនបើជាភ្ញៀវទេសចរណ៍សូមអោយពិនិត្យលិខិតឆ្លងដែន (Passport) ជាមុនសិន»។ ជាមួយគ្នានេះ លោកថែមទាំងស្នើមិនអោយបង្ហាញអំពីវិធីប្រើប្រាស់ ក៏ដូចជាសុំមិនអោយថតជាឃ្លីបវិដេអូចូលទៅក្នុងបណ្តាញសង្គមនានាឡើយ ព្រោះវាអាចជាកត្តាមួយដែលនាំអោយយុវជនចង់សាកចង់ដឹង ថែមទាំងធ្វើអោយសង្គមទាំងមូលរងការប៉ះពាល់ទៀតផង ម្យ៉ាងវិញទៀតច្បាប់បានចែងថា ក-ញ្ឆាអាចប្រើប្រាស់បានទៅតាមក្បួនខ្នាតដែលបានកំណត់តែប៉ុណ្ណោះ៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: