ក្រុមហ៊ុន Lion Air លុបចោលការបញ្ជាទិញយន្តហោះ ដែលមានតម្លៃ ២២ពាន់លានដុល្លារ ដោយសារ….
ក្រុមហ៊ុនអាកាសចរណ៍ Lion Air របស់ប្រទេសឥណ្ឌូនេស៊ីកំពុងពិនិត្យឡើងវិញលើការទិញយន្តហោះពីក្រុមហ៊ុន Boeing Co ហើយបានសម្រេចចិត្តលុបចោលការបញ្ជាទិញរបស់ខ្លួន ដោយសារទំនាក់ទំនងរវាងដៃគូទាំងពីរកាន់តែអាក្រក់ឡើងៗ ជុំវិញការទទួលខុសត្រូវ ចំពោះការធ្លាក់យន្តហោះប្រភេទ 737 ដែលបានសម្លាប់មនុស្ស ១៨៩នាក់កាលពីចុងខែតុលា។ មូលហេតុដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ Lion Air ខឹងសម្បា និងលុបចោលកិច្ចសន្យាលើការទិញយន្តហោះពីក្រុមហ៊ុន Boeing Co ក៏ព្រោះតែភាពមិនទទួលខុសត្រូវរបស់ក្រុមហ៊ុនផលិតយន្តហោះនេះ។ ក្រុមហ៊ុន Boeing Co មិនត្រឹមតែមិនទទួលខុសត្រូវលើការផ្លាស់ប្តូរមុខងារនៅលើយន្តហោះប្រភេទថ្មីដែលបានធ្លាក់នោះទេ ថែមទាំងទម្លាក់កំហុសមកលើក្រុមហ៊ុនអាកាសចរណ៍ Lion Air ទាំងស្រុង។
នាយកក្រុមហ៊ុនអាកាសចរណ៍ Lion Air លោក Rusdi Kirana បានខឹងយ៉ាងខ្លាំង ចំពោះបញ្ហានេះដោយលោកមើលឃើញថា ជាការប៉ុនប៉ងរបស់ក្រុមហ៊ុន Boeing ដើម្បីបង្វែរចំណាប់អារម្មណ៍ពីកំហុសការរចនា និងមុខងារថ្មីៗខ្លួន ដោយចោទប្រកាន់ក្រុមហ៊ុន Lion Air ទៅវិញសម្រាប់ការធ្លាក់យន្តហោះនេះ ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍ Lion Air គឺកំពុងប្រឈមនឹងការពិនិត្យពិច័យលើកំណត់ត្រាថែទាំរបស់ខ្លួន និងសកម្មភាពរបស់អាកាសយានិក។ យ៉ាងណាមិញជម្លោះចោទប្រកាន់នេះបានធ្វើឱ្យ Lion Air លុបចោលការបញ្ជាទិញយន្តហោះ ១៩០គ្រឿងពី Boeing ដែលមានតម្លៃ ២២ពាន់លានដុល្លា។ ហើយរឿងបែបនេះគឺមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនធ្វើដំណើរឈ្លោះគ្នាជាមួយក្រុមហ៊ុនផលិតបន្ទាប់ពីមានគ្រោះថ្នាក់ណាមួយនោះ៕
អត្ថបទ៖ លីដា
ប្រភព៖ reuters