លោក ផែង វណ្ណៈ បានចូលជួបលោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីធ្វើការសុំទោសជាផ្លូវការ នៅព្រឹកមិញនេះ
ក្រោយលោកជំទាវ ហ៊ុន ស៊ីណាត ដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ដោយសារលោកផែង វណ្ណៈ បាន live និយាយថា លោក ជឿន ចក់ មកថតជាមួយលោកជំទាវ ដើម្បីយកជាខ្នងបង្អែក ដោយក្នុងពាក្យបណ្តឹងគឺប្តឹងពីបទ «ញុះញង់អោយប្រព្រឹត្តិអំពើបង្កអោយមានភាពវឹកវរ» ដោយសំណូមពរ៖ ទី១-សុំអោយធ្វើការចោទប្រកាន់ ឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួនលោក ផែង វណ្ណៈ ដើម្បីផ្តន្ទាទោសអោយធ្ងន់ៗតាមច្បាប់ ទី២-បង្គាប់អោយលោក ផែង វណ្ណៈ សងសោហ៊ុយជម្ងឺចិត្តចំនួន ២០០លានរៀល និង ទី៣-សូមអោយដាក់ទោសបន្ថែម តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ប៉ុន្តែនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ផែង វណ្ណៈបានបង្ហោះសារអមជារូបថតជាច្រើនសន្លឹកថា៖ “ក្រោយភ្លៀងមេឃស្រលះ ! នៅព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ ខ្ញុំបាទបានការអនុញ្ញាតពីអ្នកមីង ហ៊ុន ស៉ីណាត ចូលជួបដើម្បីធ្វើការសុំទោសអ្នកមីង និង ទទួលយកការណែនាំពីអ្នកមីងដើម្បីកែប្រែនូវចំណុចខ្វះខាតដើម្បីបន្តការងារលើបណ្ដាញសង្គមហ្វេសប៊ុកតទៅមុខទៀត ។ ក្មួយសូមគោរពជូនពរអ្នកមីង មានសុខភាពល្អ បរិបូណ៌ អាយុយឺនយូរ ដើម្បីបន្តបំរេីប្រជាពលរដ្ឋតទៅទៀតក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន”៕



