សង្គម

តើអ្នកដឹងទេ? “ពន្លឺថ្ងៃ” អាចជំរុញ “ចំណង់អាហារ” ប៉ុន្តែកើតឡើងសម្រាប់តែបុរសតែប៉ុណ្ណោះ!

BY
autoadmin
July 23, 2022

យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍កាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដា ថា សាកលវិទ្យាល័យ Tel Aviv (TAU) នៅកណ្តាលប្រទេសអ៉ីស្រាអែល បានរកឃើញថា ការប៉ះពាល់នឹង “ពន្លឺព្រះអាទិត្យ” អាចជំរុញចំណង់អាហារចំពោះបុរស ប៉ុន្តែដំណើរការនេះមិនកើតឡើងចំពោះស្ត្រីទេ។

លទ្ធផលនៃការសិក្សាដែលដឹកនាំដោយសាកលវិទ្យាល័យ ហើយ​បាន​ចុះ​ផ្សាយ​តាម​រយៈ​ទស្សនាវដ្ដី Nature Metabolism (Nature Metabolism) បញ្ជាក់​ថា អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យក្នុងចំណោមបុរស វារំញោចប្រូតេអ៉ីន p53 (p53) ដែលផ្តល់សញ្ញាឱ្យរាងកាយផលិតអរម៉ូន ghrelin និងជំរុញចំណង់អាហារ។ ទោះជាយ៉ាងណាក៏ដោយអ័រម៉ូនអេស្ត្រូជេននៅក្នុងរាងកាយរបស់ស្ត្រី នឹងរារាំងអន្តរកម្មរវាងប្រូតេអ៉ីន និងអរម៉ូនបែបនេះ មិនបណ្តាលឱ្យមានការរំញោចនៃចំណង់អាហារ បន្ទាប់ពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។

ដោយក្រុមស្រាវជ្រាវបានប្រមូលទិន្នន័យពីការស្ទង់មតិមួយឆ្នាំនៃទម្លាប់នៃការញ៉ាំរបស់ជនជាតិអ៉ីស្រាអែលប្រហែល ៣,០០០ នាក់ក្នុងរដូវក្តៅ រួមជាមួយនឹងការសិក្សាហ្សែននៅក្នុងគំរូមន្ទីរពិសោធន៍ ហើយពន្យល់ថា រាងកាយមនុស្សបញ្ចេញប្រូតេអ៉ីន p53 បន្ទាប់ពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ដើម្បីជួសជុលការខូចខាត DNA នៅលើស្បែក។ ចំណែក Karmit Levy អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ បាននិយាយថា លទ្ធផលនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការស្រាវជ្រាវបន្ថែមទៀត ទាំងនៅក្នុងលក្ខខណ្ឌនៃដំណើរការមេតាប៉ូលីសរបស់មនុស្ស និងវិធីព្យាបាលជម្ងឺមេតាបូលីស រួមទាំងអាកប្បកិរិយាមិនប្រក្រតីនៃចំណង់អាហារជាមួយនឹងកាំរស្មីយូវី៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: