សង្គម

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ធ្វើការឆ្លើយតបចំពោះការលើកឡើង ករណីមានមន្ត្រីចរាចរណ៍ធ្វើការផាកពិន័យលើផ្លូវជាតិលេខ ៥ ទាំងផ្លូវមិនទាន់ជួសជុលហើយ

BY
Khmernote Media
July 28, 2022

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ លោក ផែង វណ្ណៈ បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកទាក់នឹងការផាកពិន័យនៅផ្លូវជាតិលេខ ៥ ខណៈនៅជួសជុលមិនទាន់ហើយនៅឡើយ។ លោក ផែង វណ្ណៈ បានឲ្យដឹងថា «បងៗចរាចរក្រសួង​ ឧស្សាហ៍​ណាស់​ ផ្លូវជាតិ​លេខ​ ៥​ ជួសជុល​មិនទាន់​ហើយ​ក៏ដាក់​ប៉ុស្តិ៍​ចាប់​ផាក​ពិន័យ​ដែរ​ សូមថ្នាក់លើពិចារណា​ផង​ ផ្លូវ​ជួសជុល​មិនទាន់​ហើយ​ ហើយក៏មិនទាន់បានដាក់​ស្លាក​សញ្ញា​កំណត់​ល្បឿន​ថ្មី​នៅឡើយ​ មិនគួរ​មន្ត្រី​ចរាចរណ៍​យើង​មកចាប់​ផាក​ពិន័យ​បែបនេះ​ទេ​»។

ជុំវិញករណីនេះផងដែរ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា៖ «តបនឹងព័ត៌មានផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លើបណ្តាញសង្គមឈ្មោះ Vannak Peng នាយកដ្ឋាននគរបាល ចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ សូមបំភ្លឺជូនដូចតទៅៈ

រៀងរាល់ថ្ងៃគ្រោះថ្នាក់ចរាចរណ៍បង្ក ឲ្យប្រជាពលរដ្ឋបាត់បង់ជីវិត៥នាក់ របួស១០នាក់ និង ខាតបង់ទ្រព្យសម្បត្តិជាច្រើន ក្នុងនោះ គ្រោះថ្នាក់ដោយការបើកបរលើសល្បឿនកំណត់មានប្រមាណ៤០%។ គ្រោះថ្នាក់នេះមិនរើសកន្លែង មិនរើសផ្លូវកំពុងធ្វើ ឫផ្លូវធ្វើហើយទេ មិនរើស ពេល ឲ្យតែការបើកបរប្រហែសមិនគោរពច្បាប់ ឫមិនយោគយល់អាធ្យាស្រ័យ នោះនឹងជួបប្រទះមិនខាន។ បើគោរពច្បាប់ គឺទទួលបានផលពីរ គឺ សុវត្ថិភាព និង គ្មានទទួលទណ្ឌកម្ម តាមច្បាប់(ពិន័យ ដកហូតបណ្ណបើកបរ ឃាត់យានយន្តមានរយៈពេលកំណត់..) ការរឹតបន្តឹងច្បាប់ចំពោះការបើកបរលើសល្បឿនកំណត់នៅកន្លែងគ្មាន ផ្លាកសញ្ញាកំណត់ល្បឿន គឺអនុលោមតាមការកំណត់ល្បឿនអតិបរមាតាមប្រភេទផ្លូវ ដែលមានចែងក្នុងអនុក្រឹត្យ លេខ៨៦ អនក្របក ចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៥ មានន័យថា បើអនុក្រឹត្យកំណត់ល្បឿនអតិបរមា៩០គ.ម ក្នុង១ ម៉ោងលើផ្លូវណាមួយ ការបើកបរនៅកន្លែងគ្មានសញ្ញាកំណត់ល្បឿនលើសពី៩០គ.មក្នុង១ម៉ោងលើផ្លូវនោះ ជាការប្រព្រឹត្តល្មើសច្បាប់។ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈសំណូមពរ អ្នកប្រើប្រាស់ផ្លូវគ្រប់រូបស្វែងយល់ និង ចូលរួមគោរពច្បាប់ ប្រកាន់ការយោគយល់អាធ្យាស្រ័យ ដើម្បីសុខសុវត្ថិភាព ទាំងអស់គ្នា។ សូមអរគុណ!»៕

Share This Post: