សង្គម

លោកឧកញ៉ា ម៉ុង ឬទ្ធី កោះហៅ​ប្រពន្ធ​​ និងកូនៗ មកប្រជុំបែងចែកទ្រព្យសម្បត្តិអោយហើយ ដោយសារលោកឧកញ៉ាត្រូវធ្វើការវះកាត់ឆាប់ៗខាងមុខនេះ

BY
Khmernote Media
July 30, 2022

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ មានការប្រជុំជាលក្ខណៈគ្រួសារមួយស្ដីពីប្រទានកម្ម (ការធ្វើអំណោយ) របស់ឪពុកម្ដាយជូនកូនៗ ក្រោយពេលដែលឪពុកម្ដាយបានទទួលមរណភាព ដោយមានការចូលរួមពីខ្ញុំ ម៉ុង ឫទ្ធី ភរិយា​ និងកូនៗ ព្រមទាំង​មាន​មេធាវី​ចូលរួម​ដឹងឮ​ផងដែរ​ ។

-បុព្វហេតុដែលនាំឱ្យមានការជួបជុំគ្រួសាររៀបចំប្រទានកម្មនេះ ដោយសារតែខ្លួនខ្ញុំផ្ទាល់បានសង្កេតឃើញថា​ អ្នកមានទ្រព្យសម្បត្តិកាលពីជំនាន់មុននិងសម័យបច្ចុប្បន្នមួយចំនួន មិនបានគិតគូរចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន មុនពេលលាចាកលោកនេះទៅនោះទេ​ ដោយបន្សល់ទុកអោយ​កូនៗដែលជាទាយាទដែលត្រូវទទួលមរតកពីឪពុកម្ដាយ ឈ្លោះប្រកែកគ្នា ដណ្ដើមយកទ្រព្យ ប្ដឹងផ្ដល់គ្នាឡើងតុលាការ ពេលខ្លះតាមធ្វើឃាត កាប់សម្លាប់គ្នាក៏មានដែ​ ដោយសារតែទ្រព្យសម្បត្តិដែលជា​កេរ្តិ៍មរតក​របស់ឪពុកម្ដាយ មិនមានការចាត់ចែងធ្វើ​ប្រទានកម្ម​ឱ្យបានច្បាស់លាស់ជាមុន។

-ម៉្យាងទៀតដោយសារស្ថានភាពជំងឺរបស់ខ្ញុំនាពេលនេះ លោកវេជ្ជបណ្ឌិតតម្រូវឱ្យទៅធ្វើការវះកាត់នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនដឹងថា លទ្ធផលនៃការវះកាត់នេះ ទទួលបានជោគជ័យ ១០០% ដែរឬយ៉ាងណានោះទេ ដូច្នេះហើយ ទើបតម្រូវឱ្យរូបខ្ញុំកោះហៅ​ប្រពន្ធ​​និងកូនៗមកប្រជុំ​ដើម្បី​ធ្វើប្រទានកម្ម​នេះអោយហេីយ​ បើសិនណាជាមានគ្រោះចង្រៃអ្វីមួយកើតឡើងដោយចៃដន្យនោះ ថ្ងៃនេះ​ខ្ញុំត្រូវតែរៀបចំគិតគូរចាត់ចែងត្រួសត្រាយ​ផ្លូវសម្រាប់អោយ​ពួកគាត់ដើរ​ឱ្យហើយ​ គឺតាមរយៈប្រទានកម្មនូវទ្រព្យសម្បត្តិរបស់ខ្ញុំនិងប្រពន្ធដែលមាន​ ។

-បើតាមគំនិតយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ បុគ្គលគ្រប់រូបដែលមានទ្រពសម្បត្តិតិចក្តី ច្រើនក្តី គួរតែធ្វើប្រទានកម្ម ឬមរតកសាសន៍ ដោយមានចាស់ទុំជិតខាង អាជ្ញាធរមូលដ្ឋាន ឬមេធាវី មកធ្វើជាសាក្សីដឹងឮ ដើម្បីបញ្ជៀសកុំឱ្យមានជម្លោះក្នុងគ្រួសារ​ ទៅថ្ងៃ​ក្រោយពេលដែលយើងទទួលមរណភាព​ ដោយចៃដន្យពេលណាមួយ​ ។

-បុគ្គល​ដែលអាច​ហាន​លះបង់​ ធ្វើប្រទានកម្ម​ ឬ​មរតកសាស៍នេះបាន ទាល់តែ​បុគ្គល​ទាំងឡាយនោះ​យក​ព្រះ​ធម៌​ ៣ប្រការ​មកគោរព​ប្រតិបត្តិ​តាម​នោះគឺ​ ១​ នាមរូបំ​អនិច្ចំ​ មានរូបមិនទៀង​ ២​នាមរូបំទុក្ខំ​ មានរូបមាន​ទុក្ខ​ ៣​ នាមរូបំ​អនត្តា​ មាន​រូប​មិនមែន​ជារបស់យើងទេ​ ។

-ខ្លួនយើង​និង​ទ្រព្យសម្បត្តិ​ពិតជា​មិនមែនជា​របស់យេីងទេ​​ នៅពេលដៃយើង​មិនទាន់​ជាប់​ស៊ីរ៉ូម​ ត្រូវ​ខិតខំ​ធ្វើបុណ្យ​ដាក់ទាន​​អោយបានច្រេីន​ នៅសល់​ប៉ុន្មាន​ធ្វើប្រទានកម្ម​អោយកូនៗ​អោយហើយទៅ​ ។

Share This Post: