សង្គម

ទំពាំងស្នងឬស្សី! ក្មេងស្រីតូចម្នាក់ខំប្រឹងរៀនសរសេរអក្សរខ្មែរជាមួយឪពុកនៅតាមចិញ្ចើមផ្លូវ ធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ (មានវីដេអូ)

BY
Khmernote Media
August 2, 2022

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពក្មេងស្រីតូចម្នាក់កំពុងតែអង្គុយនៅតាមចិញ្ចើមផ្លូវសរសេរអក្សរលើកូនក្តារខៀន ជាមួយលោកឪពុក ដែលជាអ្នកលក់ផ្លែឈើតាមម៉ូតូ ធ្វើអោយមហាជនជាច្រើនកោតសរសើរការខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនស្រីយ៉ាងខ្លាំង។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phearun Yin បានឲ្យដឹងថា៖

«លោកបានប្រទះឃើញប្អូនស្រីកំពុងតែអង្គុយរៀនសរសេរអក្សរជាមួយលោកឪពុក នៅម្តុំស្តុបបូកគោ ដោយសារតែលោកប្រញាប់ជូនប្អូនរបស់លោកទៅសាលារៀន ទើបមិនបានសុំលេខទំនាក់ទំនងរបស់ពួកគាត់»។ ចំណែកឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ly Ya រៀបរាប់ឲ្យដឹងថា «ប្អូនស្រីតូច​ ឈ្មោះ​ ស្រី​ រីម​ អាយុអត់ទាន់គ្រប់​ 6 ឆ្នាំទេ​ ចេះ​ សរសេរ​ អក្សរ​ខ្មែរ​ និងអង់គ្លេស​ តែការអាន​និងប្រកប បានតែខ្មែរទេ​ អង់គ្លេសអត់ទាន់ចេះប្រកបអានឡេីយ។ គាត់តែងតែនៅស្តុបបូកគោ​ រឺស្តុបផ្សារដេីមគរ​ សម្រាប់បងៗដែលបានឃេីញគាត់អាចជួយទិញ​ រឺ​ ជូនលុយ​ និងសៀវភៅនិទានកុមារជាភាសាខ្មែរបាន​ ព្រោះប្អូនចេះប្រកបអានបានល្អ»

ចំណែកឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុខ មករា បានឲ្យដឹងថា «នៅមហាវិថីមុនីវង្ស កែងផ្លូវ 360 រាល់ល្ងាចលោកជិះកាត់ 5 ដង គឺឃើញក្មេងម្នាក់នេះរៀន 4-5ដងដែរ សូមសរសើរក្មេងម្នាក់នេះ»។ មហាជនជាច្រើនបានបញ្ចេញមតិនៅលើបណ្តាញសង្គមកោតសរសើរក្មេងស្រីរូបនោះមិនដាច់ពីមាត់ ដោយសារតែការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនស្រី ជាមួយនឹងការសរសេរអក្សរខ្មែរបានយ៉ាងស្អាតផងដែរ ហើយបងប្អូនប្រជាពលរដ្ឋក៏មានបំណងចង់ជួបលោកពូ និងប្អូនស្រី ដើម្បីជួយជាថវិកា ក៏ដូចជាសម្ភារៈសិក្សាដល់ប្អូនស្រីសម្រាប់បន្តការសិក្សាទៅមុខទៀត៕

អត្ថបទ៖ សេរម
រូបភាព៖ ហ្វេសប៊ុក Phearun Yin, Ly Nox

Share This Post: