តាមការស្ទង់មតិមួយបង្ហាញថា ប្រជាជនសិង្ហបុរីជិត៥០% គឺគេងយប់មិនបានគ្រប់គ្រាន់នោះទេ
យោងតាមការស្ទង់មតិមួយ ដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ YouGov ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ៍បានអោយដឹងថា មានតែពាក់កណ្តាលនៃមនុស្សពេញវ័យរបស់សិង្ហបុរីប៉ុណ្ណោះ ដែលទទួលបានការគេងគ្រប់គ្រាន់នៅពេលយប់។ ខណៈដែលមនុស្សពេញវ័យជាមធ្យមគួរទទួលបានការគេងពីប្រាំពីរទៅប្រាំបីម៉ោងរៀងរាល់ថ្ងៃ មានជនជាតសិង្ហបុរីត្រឹមតែ ៤៨%ប៉ុណ្ណោះ ដែលគេងបានគ្រប់គ្រាន់ ហើយ ៤១%ផ្សេងទៀតគេងបានតែ ៤ – ៦ ម៉ោង និង ៣% ផ្សេងទៀតគឺគេងមិនបាន ៤ម៉ោងផង។
ទិន្នន័យផ្អែកលើការស្ទង់មតិមួយលើមនុស្សចំនួន ១,០២២នាក់ បានបង្ហាញថា មនុស្សពេញវ័យ ៤នាក់ក្នុងចំណោម ១០នាក់ ទទួលបានការគេងតិចជាង ៧ម៉ោងក្នុងមួយយប់។ លោក Jake Gammon ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ YouGov Omnibus បាននិយាយថា ប្រជាជននៃប្រទេស ដែលមានការប្រកួតប្រជែងខ្ពស់ដូចជាសិង្ហបុរីនេះ គឺមានតែ ៤៨%ប៉ុណ្ណោះដែលអាចគេងបានគ្រប់គ្រាន់ ហើយអ្វីដែលគួរអោយព្រួយបារម្ភនោះគឺជនជាតិសិង្ហបុរី ដែលមានប្រាក់ចំណូលទាបប្រហែល ៤,០០០ដុល្លារក្នុងសិង្ហបុរីមួយខែ (២៩១៤ ដុល្លារអាមេរិក) នឹងមានការគេងតិចជាង ៤ម៉ោងក្នុងមួយយប់៕


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia