ចាប់បុរសឥណ្ឌូនេស៊ី២នាក់វាយម្នាក់១០០រំពាត់ និងជាប់គុក៥ឆ្នាំ ពីបទរួមភេទជាមួយក្មេងស្រីមិនទាន់ពេញវ័យ
ឥណ្ឌូនេស៊ី៖ បុរសឥណ្ឌូនេស៊ី ២ នាក់ត្រូវបានគេកាត់ទោសតាមបែបសាសនាមូស្លីម ដោយត្រូវគេវាយនឹងរំពាត់ម្នាក់ ១០០ រំពាត់ និងត្រូវជាប់គុករហូតដល់ ៥ ឆ្នាំ ក្រោយគេរកឃើញថាពួកគេបានរួមភេទជាមួយនឹងក្មេងស្រីមិនទាន់គ្រប់អាយុ។ ការកាត់ទោសរបៀបនេះគឺផ្អែកទៅតាមច្បាប់សាសនាមូស្លីមមួយ ដែលគេហៅថា ច្បាប់ Sharia និងត្រូវបានគេអនុវត្តយ៉ាងតឹងរឹងបំផុតក្នុងខេត្ត Aceh ភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី។ ច្បាប់នេះបានហាមមិនឲ្យអ្នកកាន់សាសនាមូស្លីមទាំងអស់ ទទួលទានគ្រឿងស្រវឹង លេងល្បែង និងរួមភេទមុនពេលរៀបការនោះទេ។
អ្នកដែលគ្រប់អាយុរៀបការគឺទាល់តែមានអាយុ ១៨ ឆ្នាំ ប៉ុន្តែបើមានការយល់ព្រមពីម្តាយឪពុក ឬអណាព្យាបាល ពួកគេអាចរៀបការនៅអាយុ ១៦ ឆ្នាំបាន។ សម្រាប់បុរសទាំង២ នាក់ខាងលើ ដែលមិនត្រូវបានគេបង្ហាញឈ្មោះនេះ ម្នាក់ត្រូវបានគេរកឃើញថា បានរួមភេទជាមួយនឹងប្អួនស្រីចុងរបស់ខ្លួន និងម្នាក់ទៀតបានរួមភេទជាមួយនឹងអ្នកជិតខាង ដែលពួកនាងសុទ្ធតែមានអាយុក្រោយ ១៨ ឆ្នាំ។ ការកាត់ទោសរៀបនេះមិនមែនជារឿងចម្លែកទេសម្រាប់ខេត្ត Aceh ព្រោះកន្លងមកករណីស្រដៀងគ្នានេះបានកើតមានជារឿយៗ ហើយការកាត់ទោសត្រូវបានគេឡើងនៅទីសាធារណៈដើម្បីជាអប់រំ ដល់អ្នកជំនាន់ក្រោយកុំឲ្យយកគំរូតាម៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail

