ចិនហាមមិនឱ្យជនសំខាន់ៗរបស់ខ្លួនចូលទៅអាមេរិកឡើយ ប្រសិនបើវាមិនចាំបាច់ ខណៈភាពតានតឹងនៅតែមាន
ប្រភពមួយបាននិយាយថា ក្រុមអ្នកស្រាវជ្រាវជនជាតិចិន ដែលធ្វើការនៅផ្នែកបច្ចេកវិទ្យាខ្ពស់ៗ ត្រូវបានគេព្រមានមិនឱ្យធ្វើដំណើរណា ដែលមិនចាំបាច់ទៅសហរដ្ឋអាមេរិកនោះទេ ដោយសារតែភាពល្អក់កករនៅក្នុងសង្គ្រាមពាណិជ្ជកម្ម បន្ទាប់ពីការចាប់ខ្លួននាយកប្រតិបត្តិបច្ចេកវិទ្យានៅកាណាដា។ យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះមួយបានឱ្យដឹងថា បុគ្គលិកនៅទីភ្នាក់ងារស្រាវជ្រាវមួយត្រូវបានគេបញ្ជាថា ប្រសិនបើគេត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិក គេនឹងត្រូវដកចេញនូវឯកសារពីទូរស័ព្ទដៃ និងកុំព្យូទ័រយួរដៃរបស់ពួកគេ។
ថ្វីបើប្រទេសសេដ្ឋកិច្ចធំជាងនៅលើពិភពលោកទាំងពីរនេះ យល់ព្រមនឹងបទឈប់បាញ់រយៈពេល ៩០ថ្ងៃនៅក្នុងសង្គ្រាមពាណិជ្ជកម្មក៏ដោយ ភាពតានតឹងរវាងក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានបន្តកើតមានឡើងដោយសារតែ បច្ចេកវិទ្យា និងសន្តិសុខរបស់មហាអំណាចទាំងពីរ និងដោយមានការចាប់ខ្លួនប្រធានហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Huawei Technologies លោកស្រី Sabrina Meng Wanzhou នៅក្នុងប្រទេសកាណាដាផងនោះ វាបានធ្វើឱ្យទំនាក់ទំនងកាន់តែយ៉ាប់យុឺន។ ចំណែកក្រុមអ្នកសង្កេតការណ៍និយាយថា ពួកគេមានការព្រួយបារម្ភថាវានឹងកាន់តែលំបាកដោយសារភាពតានតឹងរវាងក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ហើយការមិនទុកចិត្ត និង «ឱនភាពពត៌មាន» អាចកាន់តែអាក្រក់ទៅៗ ចំពោះភាគីទាំងពីរ។
យ៉ាងណាមិញតាមសំណើរបស់អាជ្ញាធរអាមេរិក ប្រតិបត្តិកររបស់ក្រុមហ៊ុន Huawei លោកស្រី Sabrina Meng Wanzhou ត្រូវបានចាប់ខ្លួននៅថ្ងៃទី១ ខែធ្នូ នៅទីក្រុង Vancouver និងត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃអង្គារនេះ។ លោកស្រីអាចត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក ដើម្បីប្រឈមនឹងការចោទប្រកាន់ក្លែងបន្លំពាក់ព័ន្ធនឹងការចោទប្រកាន់នៃការដាក់ទណ្ឌកម្មរបស់អាមេរិក និងសហភាពអឺរ៉ុបទៅលើអ៊ីរ៉ង់។ ការចាប់ខ្លួនរបស់លោកស្រីម៉េង បានបន្ថែមភាពតានតឹងដល់អ្នកជំនួញនៅក្នុងប្រទេសទាំងពីរ ហើយរឿងក្តីនេះបានធ្វើឱ្យអ្នកជំនួញចិនជាច្រើនមានការព្រួយបារម្ភអំពីការធ្វើដំណើរទៅបរទេស។
កាលពីថ្ងៃសុក្រក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Cisco បានផ្ញើអ៊ីម៉ែលទៅកាន់បុគ្គលិករបស់ខ្លួននៅសហរដ្ឋអាមេរិក សុំឱ្យពួកគេកាត់បន្ថយការធ្វើដំណើរដែលមិនសំខាន់ទៅកាន់ប្រទេសចិន ខណៈដែលពួកគេមានការព្រួយបារម្ភកាន់តែខ្លាំងឡើងដែលនាយកប្រតិបត្តិអាមេរិកអាចនឹងត្រូវបានក្រុងប៉េកាំងចាប់ខ្លួនវិញ ក្នុងការសងសឹកចំពោះការចាប់ខ្លួនរបស់លោកស្រីម៉េង។ ទន្ទឹមនឹងនេះដែរ ជំនួយការរបស់ប្រធានាធិបតីអាមេរិចលោក Donald Trump ក៏បានណែនាំឱ្យលោកហាមឃាត់មិនឱ្យជនជាតិចិនចូលមករៀនក្នុងប្រទេសអាមេរិកទៀតដែរ។ មួយវិញទៀតក្រុងវ៉ាស៊ីនតោនក៏បានចោទប្រទេសចិនថា បានលួចវាយប្រហារតាមប្រព័ន្ធអុីនធើណេត និងកម្មសិទ្ធិបញ្ញា ដោយការផ្ទេរបច្ចេកវិទ្យា និង «ការអនុវត្តន៍ពាណិជ្ជកម្ម» ទៅឱ្យចិន ហើយវាបានជួយឱ្យប្រទេសចិនចូលទៅកាន់វិស័យបច្ចេកវិទ្យាជាន់ខ្ពស់អាមេរិក ដែលវាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកទាំងមូល៕

អត្ថបទ៖ លីដា
ប្រភព៖ businessinsider