បញ្ជូនយុវជនម្នាក់ទៅពេទ្យភ្លាមៗ ដោយសារតែខឹងមិត្តរួមក្រុម ដែលធ្វើឲ្យចាញ់ហ្គេម ខ្លាំងពេករហូតកំរើកខ្លួនមិនបាន
ចិន៖ ការលេងហ្គេមតាមអ៊ីនធឺណិតជាលក្ខណៈក្រុមគឺត្រូវពឹងផ្អែកលើសមាជិកក្រុមទាំងអស់ត្រូវសហការគ្នា និងប្រឹងលេងឲ្យអស់ពីសមត្ថភាពដូចគ្នាទើបក្រុមអាចទទួលបានជោគជ័យ។ ផ្ទុយវិញបើមានសមាជិកណាម្នាក់បោះបង់ ឬមិនព្រមសហការគ្នានោះទេ ហ្គេមទាំងមូលនឹងទទួលបានបរាជ័យជាមិនខាន។ សម្រាប់អ្នកញៀននឹងហ្គេមខ្លាំង ការបរាជ័យក្នុងការលេងហ្គេមពិតជាធ្វើឲ្យពួកគេខកចិត្តខ្លាំងណាស់ ជាពិសេសគឺការបរាជ័យក្នុងការលេងហ្គេម ដែលកើតចេញពីការបោះបង់របស់សមាជិកក្រុមគេតែម្តង។
ជាក់ស្តែង ក្មេងប្រុសដែលជានិស្សិតសាកលវិទ្យាល័យម Jiangsu ក្នុងប្រទេសចិន ម្នាក់ ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយរូបគេខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ដែលការលេងហ្គេមរបស់គេត្រូវបរាជ័យ ព្រោះតែសមាជិកក្រុមសម្រេចចិត្តបោះបង់ការលេងហ្គេម ខណៈដែលហ្គេមរបស់គេជិតទទួលបានជោគជ័យទៅហើយ។ ហ្គេមដែលពួកគេលេងនោះគឺជាហ្គេម “King of Glory” ហើយពួកគេបានលេងហ្គេមនេះជាក្រុមជាមួយនឹងមិត្ត ដែលស្នាក់នៅក្នុងសាលកវិទ្យាល័យជាមួយគ្នា។
យុវជនរងគ្រោះខាងលើ ត្រូវបានវេជ្ជបណ្ឌិតរកឃើញថា គាត់មានការស្លុតចិត្ត ខកចិត្ត និងខឹងនឹងមិត្តរួមក្រុមរបស់គេយ៉ាងខ្លាំង រហូតដល់ខ្ពឹកពេញរាងកាយ មិនអាចកំរើកបាន។ យ៉ាងណាក្តី ក្រោយបញ្ចូនទៅដល់មន្ទីរពេទ្យបុរសជនរងគ្រោះត្រូវបានវេជ្ជបណ្ឌិតព្យាបាលឲ្យជាសះស្បើយ ដូចធម្មតាវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz
