អ៊ឹម ជីវ៉ា និងអ្នកសិល្បៈឯទៀត ជួបគ្រោះថ្នាក់ក្រឡាប់ឡាន ពេលធ្វើដំណើរទៅចូលរួមបុណ្យសមុទ្រ នៅកោះកុង
មុននេះបន្តិច តារាសម្តែងលោក អ៊ឹម ជីវ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានបង្ហាញនូវអារម្មណ៍តក់ស្លុតព្រោះតែលោក និងក្រុមការងារឯទៀតបានជួបគ្រោះ នៅស្រុកស្រែអំបិល ខេត្តកោះកុង រហូតមានមនុស្សស្លាប់។
ដោយលោកសរសេរបែបនេះថា៖ “បងប្អូនអើយពេលនេះខ្ញុំមានបញ្ហាធំហើយឡានខ្ញុំជួបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡាននៅស្រុកស្រែអំបិល ពេលធ្វើដំណើរ ទៅចូលរួមបុណ្យសមុទ្រនៅខេត្តកោះកុង បណ្តាលអោយមានមនុស្សស្លាប់ម្នាក់។ តែខ្ញុំបាទនិងក្រុមការងារបួននាក់ទៀតមិនអីទេ លើកទី១ហើយខ្ញុំជួបរៀងរន្ធត់បែបនេះ ព្រះអើយជួយខ្ញុំផង ខ្ញុំមានឡានតែមួយគ្រឿងហ្នឹងទេទុកសំរាប់ទៅណាមកណាពេលនេះជាពិសេសកម្មវិធីសិល្បៈពេលនេះចប់ហើយ”។
គួររំលឹកផងដែលថាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយមាន រថយន្តម៉ាក LEXUS ពីរគ្រឿង សន្ដោងអូសគ្នា ស្រាប់តែបើកធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់មួយគ្រឿង នៅលើផ្លូវជាតិលេខ៤៨ ក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីវេលាម៉ោង ៣ៈ៣០នាទី ទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។ មុនពេលកើតហេតុ LEXUS ពាក់ស្លាកលេខភ្នំពេញ 2H-9069 ពណ៌ខ្មៅ និង ម៉ាកLEXUS ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AP-9487 បានសន្ដោងអូសគ្នា លុះមកដល់ចំណុចកើតហេតុ រថយន្តទាំង២បានធ្លាក់ពីផ្លូវ និងក្រឡាប់ រថយន្ត LEXUS ១គ្រឿង ពណ៌ទឹកមាស បណ្តាលឲ្យបុរសជាបើកបររថយន្តបានស្លាប់៕






