ពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋរបស់លោក អាបេ ស៊ីនហ្សូ គ្រោងនឹងមានអ្នកចូលរួម ៦,០០០ នាក់ នៅឯកីឡដ្ឋាន Nippon Budokan ទីក្រុងតូក្យូ
- BY
- autoadmin
- August 31, 2022
ស្ថានីយទូរទស្សន៍ NHK បានទទួលសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ដែលនឹងប្រារព្ធឡើងនៅឯកីឡដ្ឋាន Nippon Budokan ក្នុងទីក្រុងតូក្យូ នៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ, ចាប់ពីម៉ោង ២ រសៀលតទៅ។ ភ្ញៀវប្រហែល ៦,០០០ នាក់ ត្រូវបានគេរំពឹងថា នឹងត្រូវបានអញ្ជើញឱ្យចូលរួមជាដំណាក់កាល ដែលនឹងចាប់ផ្ដើមនៅដើមខែកញ្ញានេះផ្ទាល់។ ភ្ញៀវទាំងនោះរួមបញ្ចូលទាំងប្រធានសភា និងថ្នាក់ដឹកនាំរបស់ជប៉ុន ប្រធានតុលាការកំពូល សមាជិកព្រឹទ្ធសភា Diet និងតំណាងរដ្ឋាភិបាលក្នុងតំបន់។

ឥស្សរជនបរទេសជាច្រើនផ្សេងទៀតក៏នឹងត្រូវបានអញ្ជើញ រួមជាមួយនឹងអ្នកដឹកនាំអាជីវកម្ម និងវិស័យផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះដែរ សាធារណជននឹងត្រូវបានអញ្ជើញឱ្យដាក់ផ្កានៅអាសនៈមួយ នៅខាងក្រៅកីឡដ្ឋាន Nippon Budokan ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៤ រសៀល នៅកំឡុងពេលពិធីបុណ្យមរណៈទុក្ខនេះ។ រដ្ឋាភិបាលនឹងធ្វើសេចក្ដីសម្រេចជាផ្លូវការ បន្ទាប់ពីការពិភាក្សានៅលេខាធិការដ្ឋាន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃក្រសួងស្ថាប័នពាក់ព័ន្ធ។
រំលឹកឡើងវិញដែរថា អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ត្រូវបានគេបាញ់សម្លាប់ ខណៈកំពុងថ្លែងសុន្ទរកថា ក្នុងយុទ្ធនាការសម្រាប់បេក្ខភាពបោះឆ្នោតសភាជាន់ខ្ពស់ របស់គណបក្សរបស់លោក នៅភាគខាងលិចប្រទេសជប៉ុនក្នុងខែកក្កដា។ ពិធីបុណ្យសពថ្នាក់រដ្ឋរបស់លោក អាបេ នឹងក្លាយជាពិធីបុណ្យលើកទី២ សម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនក្រោយសង្គ្រាម។ ដោយលើទី១ គឺសម្រាប់លោក Yoshida Shigeru ដែលបានស្លាប់នៅឆ្នាំ១៩៦៧៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






