ទឹកចិត្តមិត្តភក្តិ! ក្មេងប្រុស១២ឆ្នាំម្នាក់ខំសន្សំលុយញាត់កូនជ្រូក ដើម្បីជួយបង់ថ្លៃសាលាឱ្យមិត្តភក្តិ ព្រោះតែមិនអាចឈរឱបដៃមើលមិត្តភក្តិត្រូវបោះបង់ការសិក្សា
- BY
- autoadmin
- September 2, 2022
(ម៉ាឡេសុី)៖ យោងតាមសារព័ត៌មាន sanook បានអោយដឹងថា ឪពុកជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Ismail បានបង្ហោះរឿងរ៉ាវដ៏គួរឲ្យរំភើបចិត្តអំពីកូនប្រុសអាយុ ១២ ឆ្នាំរបស់គាត់មានឈ្មោះថា Yusuf បានសន្សំលុយដែលឳពុកបានអោយសម្រាប់ទិញនំពេញមួយខែ ទុកដើម្បីអោយមិត្តភក្តិជាទីស្រឡាញ់របស់ខ្លួនបង់ថ្លៃសិក្សា ដោយសារតែមិត្តជាទីស្រឡាញ់របស់ Yusuf ត្រូវឈប់រៀនព្រោះតែមិនមានលុយបង់ថ្លៃសិក្សា។

លោក Ismail បាននិយាយទៀតថា Yusuf បានមកសុំលុយគាត់ចំនួន ២០ រីងហ្គីត (ប្រហែល ៥ដុល្លារ) ហើយគាត់ក៏បានសួរកូនប្រុសថា ចង់យកទៅធ្វើអ្វី? ទើបលោកបានដឹងការពិតថា កូនប្រុសរបស់លោកបានសន្សំលុយដែលបានមកពីជីតា យាយ និងម្តាយ រួមជាមួយនឹងលោក ដែលបានអោយ ដោយមួយខែទទួលបាន៨០រីងហ្គីត ឬ ប្រមាណជិត ២០ដុល្លារ ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការឡើយ ដោយសារតែ Yusuf ចង់បាន ១០០ រីងហ្គីត ដើម្បីបង់ថ្លៃសិក្សាសាលាសាសនារបស់មិត្តជិតស្និទ្ធ ដោយសារតែមិត្តម្នាក់នេះក្រីក្រ ហើយត្រូវឈប់រៀននៅកណ្តាលទី ព្រោះគ្មានលុយបង់ថ្លៃសិក្សា។
គួរបញ្ជាក់អោយដឹងផងដែរថា៖ Yusuf គឺជាក្មេងដែលស្រលាញ់មិត្តខ្លាំង ដោយខ្លួនទ្រាំមិនបានពេលឃើញមិត្តភក្តិឈប់រៀនទាំងកណ្តាលផ្លូវ ដូច្នេះហើយ បានជា Yusuf លួចសន្សំលុយផ្ទាល់ខ្លួនដោយសម្ងាត់ ប៉ុន្តែពេលថ្ងៃកំណត់ដែលត្រូវបង់ថ្លៃសិក្សា Yusuf មិនមានប្រាក់គ្រប់គ្រាន់ទេ ទើប Yusuf សម្រេចចិត្តទៅសុំពីឪពុកទៅវិញ។
ឪពុក Yusuf បាននិយាយទៀតថា នេះនាំគាត់ត្រឡប់មកគិតវិញថា ក្មេងម្នាក់ៗមានដួងចិត្តដ៏ធំខុសៗគ្នា ដូច្នេះវាមិនមែនជារឿងដែលត្រឹមត្រូវប៉ុន្មានទេ ដែលឳពុកម្តាយនឹងដាក់ការរំពឹងទុកលើកូនរបស់ពួកគេថា ត្រូវតែសិក្សាឱ្យបានល្អ ក៏ដូចជាត្រូវតែជាអ្វីដែលសង្គមរំពឹងទុក ពីព្រោះសូម្បីតែរឿងតូចតាចដែលកូនប្រុសរបស់គាត់បានធ្វើនៅថ្ងៃនេះ វាជារឿងធំណាស់ ហើយសាកសមនឹងត្រូវទទួលបានការកោតសរសើរនិងមោទនភាពមិនចាញ់រឿងផ្សេងទៀតឡើយ៕

អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






