សហភាពអឺរ៉ុបបានយល់ព្រមលើការផ្អាកកិច្ចព្រមព្រៀង សម្របសម្រួលទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៊ី ដើម្បីឱ្យពួកគេកាន់តែពិបាកក្នុងការចូលទៅតំបន់អឺរ៉ុប
- BY
- autoadmin
- September 1, 2022
រដ្ឋមន្ត្រីការបរទេសមកពីសហភាពអឺរ៉ុប បានយល់ព្រមផ្អាកកិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៊ី នៅក្នុងកិច្ចប្រជុំមួយ ដែលបានធ្វើឡើងកាលពីថ្ងៃពុធនៅក្នុងទីក្រុងប្រាក។ មេដឹកនាំសហភាពអឺរ៉ុបបាននិយាយថា ពួកគេបានឃើញ «ការកើនឡើងយ៉ាងខ្លាំង» នៅក្នុងចំនួនប្រជាជនរុស្ស៊ី ដែលធ្វើដំណើរទៅកាន់សហភាពអឺរ៉ុបសម្រាប់ «ការកម្សាន្ត និងការដើរទិញឥវ៉ាន់» ដែលមើលទៅ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងសម្រាប់ពួកគេ។ ភ្នាក់ងារព្រំដែនរបស់សហភាពអឺរ៉ុប បាននិយាយថា ជនជាតិរុស្សីប្រហែល ១លាននាក់ បានចូលមកប្រទេសក្នុងសហភាពអឺរ៉ុប គិតចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែន។ មុននេះ អាជ្ញាធរក៏បានបានរឹតបន្តឹងទិដ្ឋាការលើមន្ត្រី និងពាណិជ្ជកររុស្ស៊ីផងដែរ។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីរបស់សហភាពអឺរ៉ុបមិនអាចយល់ស្របលើការហាមឃាត់ទាំងស្រុងបានទេ ដោយរដ្ឋមន្ត្រីដែលមកពីប្រទេសអាល្លឺម៉ង់ បារាំង និងបែលហ្ស៊ិកបាននិយាយថា ជនជាតិរុស្ស៊ីដែលប្រឆាំងនឹងសង្រ្គាម ឬចង់ចាកចេញពីប្រទេសនេះ មិនគួរត្រូវបានគេដាក់ទោសនោះទេ។ ដូច្នេះជំនួសឱ្យការដាក់បម្រាមមួយ ពួកគេគ្រាន់តែធ្វើឱ្យពលរដ្ឋរុស្ស៊ីកាន់តែមានការពិបាកក្នុងការចូលសហភាពអឺរ៉ុប ដោយព្យួរកិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការប៉ុណ្ណោះ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ក៏បានទទួលការអញ្ជើញឱ្យចូលរួមកិច្ចពិភាក្សានេះ បើទោះបីជាប្រទេសរបស់លោកមិនមែនជាសមាជិកសហភាពអឺរ៉ុបក៏ដោយ។ លោកបានហៅការផ្អាកនេះថា ជាវិធានការពាក់កណ្តាល ហើយបាននិយាយថា វិធានការពាក់កណ្តាលនេះ គឺពិតជាអ្វីដែលនាំឱ្យមានការឈ្លានពាន។ លោកបានបន្ថែមថា ប្រសិនបើជនជាតិរុស្ស៊ីមិនគោរពព្រំដែននៃប្រទេសជិតខាងរបស់ពួកគេ នៅអឺរ៉ុបនោះ ពួកគេគួរតែស្នាក់នៅផ្ទះ និងរីករាយជាមួយរុស្ស៊ីគ្នាឯង៕

អត្ថបទ៖ លីដា
ប្រភព៖ The Guardian
- Share This Post:






