អន្តរជាតិ

កូរ៉េខាងត្បូងអាចនឹងធ្វើការស្ទង់មតិសាធារណៈ ពាក់ព័ន្ធនឹងការបម្រើយោធាជាកាតព្វកិច្ចរបស់សមាជិកក្រុម BTS

BY
autoadmin
September 1, 2022

ប្រទេសកូរ៉េខាងត្បូងអាចនឹងធ្វើការស្ទង់មតិសាធារណៈ ដើម្បីជួយកំណត់ថា តើត្រូវផ្តល់ការលើកលែងចំពោះការបម្រើយោធាជាកាតព្វកិច្ច ដល់តារាចម្រៀង K-pop ក្រុម BTS ដែរ ឬទេ។ នាពេលកន្លងមកនេះ សំណួរពាក់ព័ន្ធនឹងការចូលបម្រើយោធាសម្រាប់សមាជិកទាំង ៧ របស់ក្រុម BTS បានក្លាយជាប្រធានបទដ៏ក្តៅគគុក ខណៈ Jin ដែលជាសមាជិកបងគេនៅក្នុងក្រុម ក៏ត្រូវប្រឈមមុខនឹងការចូលបម្រើយោធានៅក្នុងខែធ្នូ នៅពេលដែលគាត់ឈានចូលដល់អាយុ ៣០ឆ្នាំ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lee Jong-sup បានប្រាប់ទៅសភាថា លោកបានបញ្ជាឱ្យមន្ត្រីអនុវត្តការស្ទង់មតិមួយឱ្យបានឆាប់បំផុត ហើយមើលលើកត្តាធំៗផ្សេងទៀតដូចជា៖ ឥទ្ធិពលរបស់ BTS នៅក្នុងសេដ្ឋកិច្ច សារៈសំខាន់នៃការបម្រើយោធា និងផលប្រយោជន៍ជាតិទាំងមូល។

ប្រភពបាននិយាយថា ក្រុមមន្ត្រី និងទីភ្នាក់ងារដែលទទួលបន្ទុកចំពោះការស្ទង់មតិនេះ ត្រូវបានស្នើឱ្យសិក្សាយ៉ាងលម្អិតថា តើត្រូវចំណាយពេលប៉ុន្មាន និងថាអ្នកណាដែលនឹងត្រូវបានស្រង់មតិ។ ជាមួយគ្នានេះ ប្រសិនបើការស្ទង់មតិត្រូវបានអនុវត្ត វានឹងធ្វើឡើងដោយភាគីទី៣ មិនមែនដោយក្រសួង ឬអាជ្ញាធរពាក់ព័ន្ធឡើយ ដើម្បីធានាឱ្យមានភាពយុត្តិធម៌នៅក្នុងការស្ទង់មតិនេះ។ ក្រសួងបាននិយាយថា លទ្ធផលនឹងគ្រាន់តែជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀត ដែលកំណត់ការលើកលែងចំពោះការចូលបម្រើយោធាជាកាតព្វកិច្ចរបស់សមាជិកក្រុម BTS។

តាមច្បាប់របស់កូរ៉េខាងត្បូង បុរសដែលមានកាយសម្បទាគ្រប់គ្រាន់ នឹងត្រូវចូលបម្រើយោធាជាកាតព្វកិច្ចពី ១៨ ទៅ ២១ខែ ហើយមិនអាចពន្យារពេលលើសពីអាយុ ៣០ឆ្នាំឡើយ នៅក្រោមប្រព័ន្ធដែលត្រូវបានបង្កើតឡើង ដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។ ប៉ុន្តែប្រទេសនេះផ្តល់ការលើកលែងចំពោះអត្តពលិក តន្ត្រីករ និងសិល្បករដែលឈ្នះចំណាត់ថ្នាក់កំពូលក្នុងការប្រកួតអន្តរជាតិ ព្រោះពួកគេត្រូវបានចាត់ទុកថា បានលើកតម្កើងកិត្យានុភាពជាតិ។ អ្នកនយោបាយខ្លះ និងអ្នកផ្សេងទៀត បានអំពាវនាវឱ្យពង្រីកវិសាលភាពនៃការលើកលែងនេះ ដើម្បីផ្ដល់ឱកាសដល់ក្រុម BTS ដូចគ្នា ពីព្រោះពួកគេបានលើកមុខមាត់កូរ៉េខាងត្បូង នៅលើឆាកអន្តរជាតិយ៉ាងខ្លាំង។

ជម្រាបដែរថា ការស្ទង់មតិឯកជនមួយកាលពីដើមឆ្នាំនេះបានបង្ហាញថា ៦០% នៃអ្នកដែលបានចូលរួមឆ្លើយតប បានគាំទ្រការលើកលែងសម្រាប់សមាជិករបស់ក្រុម BTS។ ប៉ុន្តែការស្ទង់មតិឯកជនមួយផ្សេងទៀតក្នុងឆ្នាំ២០២០ បានបង្ហាញថា  ៤៦% នៃអ្នកដែលបានចូលរួមបានគាំទ្រការលើកលែងនេះ ខណៈដែល ៤៨% បានប្រឆាំងនឹងវា ខណៈអ្នកផ្សេងទៀតមិនបានប្រឆាំង ឬគាំទ្រនោះឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: