អន្តរជាតិ

ទីក្រុង Shenzhen របស់ប្រទេសចិន បានពង្រីកការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដោយសារមានការកើនឡើងនូវករណីថ្មីៗជាច្រើន

BY
autoadmin
September 1, 2022

មជ្ឈមណ្ឌលបច្ចេកវិទ្យា Shenzhen របស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសថា ខ្លួនបានរឹតបន្តឹងការទប់ស្កាត់ជំងឺ COVID-19 ខណៈករណីថ្មីៗបន្តកើនមានឡើង ហើយព្រឹត្តិការណ៍ធំៗ និងការកម្សាន្តដែលមានហានិភ័យ ត្រូវបានផ្អាករយៈពេល ០៣ ថ្ងៃនៅក្នុងស្រុក Baoan ដែលជាស្រុកមានមនុស្សច្រើនបំផុតរបស់ទីក្រុង។ យ៉ាងហោចណាស់ ពាក់កណ្តាលនៃសង្កាត់ទាំង ១០ របស់ទីក្រុង Shenzhen ដែលមានប្រជាជនសរុបជាង ១៣ លាននាក់ ឥឡូវនេះត្រូវបានគេបញ្ជាឱ្យបិទកន្លែងកម្សាន្ត និងបញ្ឈប់ ឬកាត់បន្ថយការទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន។

អាជ្ញាធរក៏បាន​ពន្យារពេល​ការ​ចាប់ផ្តើម​ឆមាស​ថ្មី​របស់​សាលា ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ហើយអ្នកស្រុកត្រូវបានណែនាំកុំឱ្យចាកចេញពីទីក្រុងលុះត្រាតែជាករណីបន្ទាន់។ គេមិនដឹងថា អាជ្ញាធរនឹងចាត់វិធានការបែបណាទៀតនោះទេ ប៉ុន្តែបានទាមទារឱ្យរដ្ឋាភិបាល អាជ្ញាធរបក្សកុម្មុយនិស្ត និងក្រុមហ៊ុនរដ្ឋ ធ្វើឱ្យប្រាកដថា បុគ្គលិករបស់ពួកគេមិនធ្វើដំណើរទៅក្រៅទីក្រុងដោយមិនចាំបាច់។

អ្នកស្រុកដែលត្រូវការចេញដំណើរ នឹងត្រូវតែបង្ហាញភស្តុតាងនៃការធ្វើតេស្តអវិជ្ជមានចំនួន ២ ក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយ។ អាជ្ញាធរក៏បានតាមដានករណីជាច្រើន ពាក់ព័ន្ធនឹងសាលរាំមួយក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលនៃទីក្រុង Futian ហើយកំពុងជំរុញឱ្យអ្នកទៅលេងនៅទីនោះរាយការណ៍អំពីខ្លួនពួកគេទៅកាន់អាជ្ញាធរសុខាភិបាលក្នុងតំបន់។  គួរឱ្យដឹងដែរថា ទីក្រុង Shenzhen បានរាយការណ៍ថា មានការឆ្លងជំងឺ COVID-19 ក្នុងស្រុកថ្មីចំនួន ៦២ សម្រាប់ថ្ងៃទី៣១ ខែសីហា ដែលកើនឡើងពី ៣៧ ករណី ពីថ្ងៃមុន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: