អន្តរជាតិ

ញាក់សាច់! ត្បូងពេជ្រពណ៌ផ្កាឈូកមួយគ្រាប់ អាចលក់បានក្នុងតម្លៃរហូតដល់ទៅ ២១លានដុល្លារអាមេរិក

BY
autoadmin
September 1, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ត្បូងពេជ្រពណ៌ផ្កាឈូកដ៏ស្រស់ស្អាតមួយគ្រាប់ ដែលត្រូវបានពិពណ៌នាថា ជាពេជ្រមួយក្នុងចំណោមពេជ្រសុទ្ធបំផុតរបស់ពិភពលោក នឹងអាចលក់បានក្នុងតម្លៃច្រើនជាង ២១ លានដុល្លារ នៅពេលដែលវានឹងត្រូវដាក់ឱ្យដេញថ្លៃដោយផ្ទះដេញថ្លៃ Sotheby’s នៅក្នុងទីក្រុងហុងកុងក្នុងខែតុលា។ ត្បូងពេជ្រនេះមានទំហំ ១១.១៥ ការ៉ាត់ ដែលត្រូវបានគេស្គាល់ឈ្មោះថាជា «Williamson Pink Star» ហើយវាត្រូវបានគេច្នៃឡើង ដើម្បីជាការរំលឹកគុណដល់ត្បូងពេជ្យចំនួន ២ ផ្សេងគ្នាទៀត នោះគឺ «CTF Pink Star» និង «Williamson»។

ត្បូងពេជ្យ CTF Pink Star គឺជាពេជ្រចម្រុះរាងពងក្រពើមានទំហំ ៥៩.៦០ ការ៉ាត់ ដែលត្រូវបានគេទិញក្នុងតម្លៃ ៧១.២ លានដុល្លារ នៅឯការលក់ជាសាធារណៈក្នុងឆ្នាំ២០១៧។ ចំណែក Williamson គឺជាត្បូងពេជ្រទំហំ ២៣.៦០ ការ៉ាត់ ដែលជាកាដូប្រគល់ជូនម្ចាស់ក្សត្រី Elizabeth របស់ចក្រភពអង់គ្លេស ក្នុងពិធីមង្គលការរបស់ទ្រង់ ដោយអ្នកភូមិសាស្ត្រកាណាដាលោក John Thorburn Williamson ។ ត្បូងពេជ្រនោះត្រូវបានគេរកឃើញនៅក្នុងអណ្តូងរ៉ែរបស់លោក John Thorburn Williamson ផ្ទាល់ នៅឯប្រទេសតង់ហ្សានី ហើយត្រូវបានច្នៃធ្វើជាកន្លាស់អាវ Cartier សម្រាប់ទ្រង់ Elizabeth៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: