អន្តរជាតិ

រដ្ឋមន្ត្រីរដ្ឋ Texas អះអាងថា រកឃើញអ្នកជំងឺអុតស្វា (Monkey pox) បានបាត់បង់ជីវិត ដែលជាករណីដំបូងបង្អស់កើតឡើងនៅសហរដ្ឋអាមេរិក

BY
autoadmin
September 2, 2022

សហរដ្ឋអាមេរិក៖ យោងតាមសារព័ត៌មាន ABC News បានរាយការណ៍ថា ក្រុមសមត្ថកិច្ចសម្រាប់ផ្តល់សេវាសុខភាពរដ្ឋតិចសាស់បានឲ្យដឹងកាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅថា មានមនុស្សពេញវ័យម្នាក់រស់នៅក្នុង Harris County ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺអុតស្វា បានបាត់បង់ជីវិតហើយ។ យ៉ាង​ណា​មិញ មន្ត្រី​ជំនាញ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​ពិត​នៃ​ការ​ស្លាប់​ជាផ្លូវការនោះទេ ព្រោះមិនទាន់ដឹងច្បាស់ថា តើ​ការបាត់បង់ជីវិតនេះ​ដោយសារតែ​កើតជំងឺអុតស្វារឺយ៉ាងណានោះទេ ម្យ៉ាងវិញទៀតដោយសារតែអ្នកជំងឺមានអង់ទីគ័រការពាររាងកាយចុះខ្សោយយ៉ាងធ្ងន់ធ្ងរថែមទៀតផង។

ចំណែកមន្ត្រី​មក​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក (CDC) បាន​និយាយ​ថា​ បច្ចុប្បន្ន​ជំងឺ​អុតស្វា​កំពុង​រាតត្បាត ហើយវាមានអត្រាមរណភាពទាបណាស់ ហើយមនុស្សភាគច្រើនដែលឆ្លងមេរោគនេះនៅតែរស់រានមានជីវិតនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រព័ន្ធការពាររាងកាយចុះខ្សោយឱកាសនៃការឈឺ ឬការស្លាប់នឹងកើនឡើងផងដែរ។

គួរបញ្ជាក់អោយដឹងផងដែរថា៖ បច្ចុប្បន្ននេះមានករណីជាង ៥០,០០០ករណី ដែលត្រូវបានអះអាងថាបានផ្ទុកជំងឺអុតស្វា ដែលនៅក្នុងចំណោម ១០០ប្រទេសនេះ សហរដ្ឋអាមេរិកជាប្រទេសមានអ្នកកើតជិត ១៨,១០០ករណី ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក ហើយការស្លាប់នៅក្នុងរដ្ឋតិចសាស់នឹងក្លាយជាជនរងគ្រោះដំបូងគេដែលទទួលមេរោគដ៏សាហាវនៅសហរដ្ឋអាមេរិក ប្រសិនបើ​មន្ត្រីសមត្ថកិច្ច​បញ្ជាក់ថា ជាការស្លាប់ដែលបណ្តាលមកពីកើតជំងឺអុតស្វា៕

អត្ថបទ៖ Bee
ប្រភព៖ abcnews.go

Share This Post: