អន្តរជាតិ

កូរ៉េខាងជើង បានរិះគន់អ្នកជំនាញសិទ្ធិមនុស្សរបស់ UN ថាជាអាយ៉ងរបស់សហរដ្ឋអាមេរិក

BY
autoadmin
September 2, 2022

ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់អ្នកជំនាញសិទ្ធិមនុស្សដែលទើបនឹងឡើងកាន់តំណែងថ្មីៗ របស់អង្គការសហប្រជាជាតិថា ជាមនុស្ស «លម្អៀង» ដោយនិយាយថា ប្រទេសនេះនឹងមិនអត់ឱនចំពោះអ្វីដែលខ្លួនហៅថា កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរបបរបស់ខ្លួននោះទេ។ លោកស្រី Elizabeth Salmon ដែលជាអ្នកជំនាញថ្មីរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង បាននិងកំពុងបំពេញទស្សនកិច្ចផ្លូវការលើកដំបូងរបស់គាត់ទៅកាន់កូរ៉េខាងត្បូង ចាប់តាំងពីចូលកាន់តំណែងកាលពីខែមុន។

នៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ លោកស្រី Salmon បាននិយាយថា ស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើងកាន់តែអាក្រក់ទៅៗ បន្ទាប់ពីមានវិធានការតឹងរ៉ឹងជាង ២ ឆ្នាំ ដើម្បីទប់ស្កាត់ជំងឺ COVID-19 ហើយការលើកឡើងរបស់លោកស្រី ក៏បានទទួលប្រតិកម្មតបតពីភាគីកូរ៉េខាងជើងភ្លាមៗ។

សារព័ត៌មាន KCNA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេស ដែលមិនបញ្ចេញអត្តសញ្ញាណបានឱ្យដឹងថា៖«យើងបានបញ្ជាក់យ៉ាងច្បាស់នូវជំហរជាគោលការណ៍របស់យើងថា យើងមិនទទួលស្គាល់ ឬដោះស្រាយជាមួយ អ្នករាយការណ៍ពិសេស ដែលគ្រាន់តែជាអាយ៉ងរបស់សហរដ្ឋអាមេរិកនោះទេ»។ ជាក់ស្ដែងគឺទីក្រុងព្យុងយ៉ាងបានច្រានចោលការចោទប្រកាន់ជាច្រើនដង អំពីការរំលោភសិទ្ធិមនុស្ស និងបានរិះគន់ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិលើបញ្ហានេះថា ជាគម្រោងដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

គួរឱ្យដឹងដែរថា របាយការណ៍របស់អង្គការសហប្រជាជាតិថ្មីៗដាច់ដោយឡែកមួយ ក៏បាននិយាយផងដែរថា វិធានការទប់ស្កាត់មេរោគឆ្លង COVID-19 របស់កូរ៉េខាងជើង បានធ្វើឱ្យមានការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងររបស់ប្រទេសនេះ ដោយលើកឡើងពីការរឹតត្បិតបន្ថែមលើការទទួលបានព័ត៌មាន សន្តិសុខព្រំដែនកាន់តែតឹងរ៉ឹង និងការឃ្លាំមើលតាមប្រព័ន្ធឌីជីថល៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: