អន្តរជាតិ

កូរ៉េខាងត្បូងបានសម្រេចថា នឹងមិនធ្វើការស្ទង់មតិជាសាធារណៈ លើការលើកលែងសមាជិកក្រុម BTS​ ពីការចូលបម្រើយោធា

BY
autoadmin
September 2, 2022

ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ទាក់ទងនឹងការសម្រេចចិត្តរបស់ខ្លួនក្នុងការធ្វើការស្ទង់មតិសាធារណៈ សម្រាប់ការលើកលែងកាតព្វកិច្ចបម្រើយោធាសម្រាប់ក្រុម BTS ។ កាលពីថ្ងៃទី០១ ខែកញ្ញា ម្សិលមិញនេះ ក្រសួងបាននិយាយថា៖«ក្រសួងបានសម្រេចចិត្តមិនធ្វើការស្ទង់មតិជាសាធារណៈ លើបញ្ហានៃការលើកលែងការបម្រើយោធាសម្រាប់ BTS ។ បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយកំពុងរាយការណ៍អំពីបញ្ហានេះ ហាក់ដូចជាការស្ទង់មតិនេះនឹងប៉ះពាល់ដោយផ្ទាល់ ដល់ការសម្រេចចិត្តរបស់ក្រសួងថា តើសមាជិក BTS គួរតែទទួលបានការលើកលែងកាតព្វកិច្ចនេះ ឬអត់។ ក្រសួងចង់សង្កត់ធ្ងន់ថា បញ្ហាធ្ងន់ធ្ងរបែបនេះនឹងមិនត្រូវបានកំណត់ត្រឹមតែលទ្ធផលនៃការស្ទង់មតិសាធារណៈទេ»។

កន្លងមក ក្នុងកិច្ចប្រជុំគណៈកម្មាធិការការពារជាតិ សមាជិកសភា លោក ស៊ុល ហុន (Sul Hoon) បាននិយាយថា៖«ចាំបាច់ត្រូវធ្វើការស្ទង់មតិសាធារណៈឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីយើងអាចកំណត់មតិរបស់ប្រជាជនលើបញ្ហានេះ។ ប្រជាជនជាម្ចាស់នៃប្រទេសនេះ និងអំណាចទាំងអស់ ជាកម្មសិទ្ធិរបស់ប្រជាជន។ ចំពោះបញ្ហានៃការលើកលែងកាតព្វកិច្ចយោធាសម្រាប់ BTS ផងដែរ វាជារឿងសំខាន់ក្នុងការវាយតម្លៃទស្សនៈរបស់ប្រជាជន»។ ប៉ុន្តែក្រោយការលើកឡើងរបស់លោក ស៊ុល ហុន, រដ្ឋសភាទាំងមូលទទួលបានការរិះគន់យ៉ាងខ្លាំង ដោយគេយល់ថា រដ្ឋសភាគ្មានទំនួលខុសត្រូវច្បាស់លាស់សម្រាប់សាធារណជន៕

អត្ថបទ៖ លីដា
ប្រភព៖ Allkpop

Share This Post: