លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនអាចទៅចូលរួមពិធីបុណ្យមរណទុក្ខ មេដឹកនាំសហភាពសូវៀតចុងក្រោយលោក Mikhail Gorbachev បានទេ
- BY
- autoadmin
- September 2, 2022
វិមានក្រឹមឡាំងបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មិនអាចទៅចូលរួមក្នុងពិធីបុណ្យសពលោក Mikhail Gorbachev ដែលជាមេដឹកនាំចុងក្រោយនៃសហភាពសូវៀតនោះទេ។ អ្នកនាំពាក្យលោក Dmitry Peskov បានឱ្យដឹងថា កាលវិភាគការងាររបស់លោក ពូទីន នឹងមិនអនុញ្ញាតឱ្យគាត់អាចទៅចូលរួមក្នុងពិធីបុណ្យមរណទុក្ខនៅថ្ងៃសៅរ៍នេះបានទេ។ យ៉ាងណាក៏ដោយ លោក ពូទីន ក៏បានទៅគោរពវិញ្ញាណក្ខន្ធរបស់លោក Gorbachev នៅឯមន្ទីរពេទ្យក្នុងទីក្រុងមូស្គូផងដែរ នៅពេលដែលគាត់ត្រូវបានគេប្រកាសថា បានទទួលមរណភាព កាលពីថ្ងៃអង្គារក្នុងជន្មាយុ ៩១ឆ្នាំ ដោយរោគាពាធ។

ជម្រាបដែរថា លោក Gorbachev គឺជាមេដឹកនាំដែលជួយឱ្យមានការបញ្ចប់សង្គ្រាមត្រជាក់ដោយសន្តិវិធី ថ្វីបើគាត់មិនអាចស្រោចស្រង់សហភាពសូវៀតពីការដួលរលំនៃក៏ដោយ។ ប៉ុន្តែការដួលរលំនៃសហភាពសូវៀត គឺជាការសោកស្ដាយបំផុតរបស់លោក វ្ល៉ាឌីមៀ ពូទីន។ កាលពីឆ្នាំ២០០៥ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការបែកបាក់នៃសហភាពសូវៀតគឺជា «មហន្តរាយភូមិសាស្ត្រនយោបាយដ៏ធំបំផុតនៃសតវត្សទី២០»។
ប៉ុន្តែយ៉ាងណា នៅក្នុងតេឡេក្រាមចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ Gorbachev កាលពីថ្ងៃពុធ លោក ពូទីន ហាក់បានបណ្ដោយឱ្យរឿងអតីតកន្លងទៅតាមពេលវេលា និងពិពណ៌នាលោក Gorbachev ថាជា «អ្នកនយោបាយ និងជារដ្ឋបុរសដែលមានឥទ្ធិពលយ៉ាងខ្លាំង លើដំណើរប្រវត្តិសាស្ត្រពិភពលោក»។ កាលពីថ្ងៃព្រហស្បតិ៍ ទូរទស្សន៍រដ្ឋរុស្ស៊ីក៏បានបង្ហាញពី លោក ពូទីន ដែលកំពុងដាក់ផ្កាកុលាបក្រហមក្បែរមឈូសរបស់ Gorbachev ក្នុងមន្ទីរពេទ្យ Central Clinical Clinical ក្នុងទីក្រុងម៉ូស្គូ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






