អ្នកឧស្សាហ៍ជិះយន្តហោះកុំប្រហែសរឿងគេងឱ្យសោះ ប្រយ័ត្នមនុស្សប្រភេទនេះឆ្លៀតឱកាស
តុលាការអាមេរិកបានកាត់ទោសជនជាតិឥណ្ឌាម្នាក់ឱ្យជាប់គុក៩ឆ្នាំ ពីបទចាប់រំលោភស្ត្រីម្នាក់ ដែលអង្គុយក្បែរគាត់នៅលើជើងហោះហើរអាមេរិកមួយកាលពីខែមករា។ ជនល្មើសម្នាក់នេះមានឈ្មោះថា Prabhu Ramamoorthy អាយុ៣៤ឆ្នាំ ត្រូវបានឱ្យដឹងមកថា បានអង្គុយនៅចន្លោះប្រពន្ធ និងជនរងគ្រោះ ដោយក្នុងពេលកើតហេតុគឺនារីរងគ្រោះកំពុងតែដេកលក់។ ស្របពេលដែលនារីរងគ្រោះបានភ្ញាក់ដឹងខ្លួនវិញ នាងក៏ចាប់អារម្មណ៍ថា អាវ និងខោរបស់នាងបានបើកចំហ ខណៈដែលដៃរបស់ជនល្មើសគឺនៅក្នុងខោរបស់នាង។
យ៉ាងណាមិញព្រះរាជអាជ្ញាដើមឡើយបានដាក់ទោសឱ្យជនល្មើសជាប់គុក១១ឆ្នាំ តែក្រោយមកក៏ឱ្យជាប់គុក ៩ឆ្នាំវិញ ហើយជនល្មើសនឹងត្រូវបញ្ជូនទៅឥណ្ឌាវិញក្រោយចេញពីគុក។ ក្នុងការកាត់ក្តីនេះជនល្មើស Prabhu Ramamoorthy បានប្រកែកថាខ្លួនមិនបានធ្វើរឿងនេះទេ ព្រោះពេលនោះលោកក៏បានដេកលក់ដូចគ្នាដែរ។ ចំណែកប្រពន្ធរបស់ជនល្មើសវិញបាននិយាយថា នាងឃើញនារីដែលអះអាងថាជាជនរងគ្រោះនេះ បានដេកលើភ្លៅរបស់ប្តីគាត់ ពួកគាត់សុំឱ្យមានការផ្លាស់ប្តូរកន្លែងអង្គុយដែរ។ តែយ៉ាងណាមិញអ្នកបម្រើលើយន្តហោះម្នាក់បានប្រាប់មកកាន់អ្នកស៊ើបអង្កេតវិញថា គឺនារីរងគ្រោះទៅវិញទេដែលជាអ្នកសុំឱ្យប្តូរកន្លែងអង្គុយ ក្នុងពេលនោះផងដែរគេឃើញថានារីរងគ្រោះគឺយំ ហើយខោអាវរបស់គាត់គឺបានបើកចំហនៅពេលដែលគាត់ដើរមកប្តឹងពួកអ្នកបម្រើលើយន្តហោះទាំងនោះ៕


អត្ថបទ៖ លីដា
ប្រភព៖ bbc