អន្តរជាតិ

ស្រុកមួយនៅខេត្តភូកេតកំពុងលិចលង់យ៉ាងដំណំ បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំកាលពីម្សិលមិញ

BY
autoadmin
September 2, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា បានរាយការណ៍ថា ស្រុក Thalang របស់ខេត្តភូកេត កំពុងរងការលិចលង់យ៉ាងដំណំ ហើយរូបភាពជាច្រើន បានបង្ហាញពីទីតាំងលិចលង់ រួមទាំងទីលានវាយកូនហ្គោល ស្ថានីយ៍ចាក់បំពេញ សាលារៀន និងខុនដូ នៅជិតព្រលានយន្តហោះភូកេត ខណៈរថយន្ត​ជាង ​៤០​គ្រឿង និង​ម៉ូតូ​ ២០ ​គ្រឿង​ បាន​រង​ការ​ខូចខាត​ដោយសារ​ទឹកជំនន់នេះ។ លោកមេភូមិ Worawit Sisakukram បានឱ្យដឹងថា គាត់កំពុងចុះត្រួតពិនិត្យតំបន់រងគ្រោះទឹកជំនន់ជាមួយក្រុមមន្ត្រីស្រុក ដើម្បីវាយតម្លៃការខូចខាត និងស្វែងរកមធ្យោបាយជួយជនរងគ្រោះ។

លោក Worawit បាន​រាយការណ៍​ថា ទឹក​ជំនន់​កំពុង​ស្រក​ចុះ​យឺតៗ ហើយលោក​ក៏បាន​ស្នើ​ដល់​ការិយាល័យ​បង្ការ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​ក្នុងស្រុក ជួយ​រំដោះ​ទឹក​ខុន​ដូ​ដែល​លិចលង់​នោះ​ផង​។ អភិបាលខេត្តភូកេត លោក Narong Woonciew ក៏បានចុះពិនិត្យតំបន់លិចទឹក ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់ជនរងគ្រោះផងដែរ។ ជាមួយគ្នានេះ អាកាសយានដ្ឋានភូកេតបានស្នើឱ្យអ្នកដំណើរមកឱ្យបានពី ៣ ទៅ ៤ ម៉ោងមុនម៉ោងចេញដំណើររបស់ពួកគេ។ អ្នកដំណើរអាចទូរស័ព្ទមកលេខ ០៧៦ ៣៥១១១១ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីអាកាសយានដ្ឋាន និងព័ត៌មានជើងហោះហើរ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: