ចាប់ខ្លួនបុរសម្នាក់ ដែលកាត់ត និងបង្ហោះចែកចាយវីដេអូ ជនជាតិចិនមួយក្រុមកាប់ចាក់គ្នានៅកម្ពុជា
កម្លាំងនគរបាលខេត្តសៀមរាប ចូលរួមសហការណ៍ជាមួយ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ដែលផលិត និងបង្ហោះចែកចាយវីដេអូ កាត់តជនជាតិចិនមួយក្រុម កាន់កាំបិតកាប់គ្នា បានហើយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ។
លោកឧត្តមសេនីយ៍ឯក ជា ពៅ បានអោយដឹងថា ករណីបង្ហោះវីដេអូ លើបណ្តាញសង្គម Facebook ដោយបានកាត់តជនជាតិចិនមួយក្រុម កាន់កាំបិតកាប់គ្នា កាលពីពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ អ៉ឹង ហ៊ុម ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ។
ជនសង្ស័យរូបនេះ គឺជាអ្នកកាត់តវីដេអូនោះ ដោយផ្ទាល់ដៃ ហើយសមត្ថកិច្ចយើង ក៏បានធ្វើការដកហូតសម្ភារះនិងកុំព្យូរទ័របានមួយចំនួនផងដែរ។ មុនឃាត់ខ្លួនជនសង្ស័យម្នាក់នេះ សមត្ថកិច្ចយើងក៏ធ្លាប់បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅខេត្តសៀមរាប ផងដែរ តែពេលសួរនាំទៅ ទើបយើងឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ អ៉ឺង ហ៊ុម នេះតែម្តង ដោយជនសង្ស័យរូបនោះ បានសារភាពថាបាន យកវីដេអូពីឈ្មោះ អ៊ឹង ហ៊ុម នេះតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអ៉ឹង ហ៊ុម ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសារភាពថា ខ្លួនពិតជាបានកាត់តវីដេអូ នោះផ្ទាល់ដៃពិតមែន។ មូលហេតុនៃការបង្កើតវីដេអូ ខុសពីការពិតនេះ ដោយសារជនសង្ស័យយល់ថា បច្ចុប្បន្នមានការចាប់អារម្មណ៍ខ្លាំងទៅលើជនជាតិចិន ហើយខ្លួនបានយករឿងចិនហុងកុង មកកាត់បញ្ចូលគ្នា ជាមួយវីដេអូ ដែលក្មេងស្ទាវជនជាតិចិនឈ្លោះគ្នា នៅខណ្ឌទួលគោក ដើម្បីឲ្យគេចូលមើលវីដេអូខ្លួន។
សូមរំលឹកថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីមានការចែកចាយតៗ ចំពោះវីដេអូខាងលើនេះ លើបណ្តាញសង្គម Facebook នាយឧត្តមសេនីយ៍ នេត សាវឿន តាមរយៈអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានធ្វើការបដិសេធចោលទាំងស្រុង នូវខ្សែវីដេអូឃ្លីប ដែលអះអាងថា បានកើតនៅរាជធានីភ្នំពេញ។ជាមួយគ្នានេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានឆ្លើយតបវិញថា រឿងនេះមិនមានការកើតឡើង ក្នុងប្រទេសកម្ពុជាឡើយ។ ចំណែកសំឡេង ដែលបានថតក្នុងសាច់រឿងនោះ គឺជាសម្លេងថតបញ្ចូល ក្នុងបំណងធ្វើឲ្យមានការយល់ច្រឡំ ដើម្បីចង់បំពុលបរិយាកាសសន្តិសុខតែប៉ុណ្ណោះ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា


