អន្តរជាតិ

ម៉្យាងដែរ! វត្តមួយនៅថៃដំឡើងម៉ាស៊ីនហាត់ប្រាណ ទុកគ្រាន់ឱ្យព្រះសង្ឃហាត់ប្រាណរក្សាសុខភាព និងទម្ងន់

BY
autoadmin
September 3, 2022

ថ្មីៗនេះរូបភាពព្រះសង្ឃដែលកំពុងហាត់ប្រាណលើកសាច់ដុំ បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបង្កឱ្យមានការចលាចល ក្នុងចំណោមអ្នកលេងអ៉ីនធឺណិតនៅប្រទេសថៃ។ រូបភាពត្រូវបានបង្ហោះដោយលោកអាចារ្យវត្ត Phra Paisalprachathon នៅលើទំព័រហ្វេសប៊ុក «ព័ត៌មានព្រះពុទ្ធសាសនា» (Buddhist News) កាលពីថ្ងៃសុក្រ ដោយមានសរសេរថា៖«ខ្ញុំយល់ថាព្រះសង្ឃងាយនឹងលើសទម្ងន់ និងវិវត្តទៅជាជំងឺ NCDs, ដូច្នេះខ្ញុំ បាន​បញ្ជូនអ្នកជំនាញដើម្បីជួយ​ព្រះសង្ឃ​នៅ​វត្ត​របស់​ខ្ញុំ​ ឱ្យមាន​រាង​ស្អាត និង​ថែរក្សា​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ»។ យ៉ាងណាលោក Phra Paisalprachaton មិន​បាន​បញ្ជាក់​ថា ​រូប​ថត​ទាំង​នេះ​ថត​នៅ​កន្លែង​ណា​នៅ​ក្នុង​ការ​បង្ហោះ​ដើម​ឡើយ។

កាលពីថ្ងៃសៅរ៍ លោកបាននិយាយថា រូបថតនេះត្រូវបានថតនៅវត្ត Huay Pla Kang ក្នុងខេត្តឈៀងរ៉ៃ ហើយឧបករណ៍ហាត់ប្រាណទាំងអស់ ត្រូវបានបរិច្ចាគដោយពលរដ្ឋ ដែលយល់ពីភាពចាំបាច់នៃការថែរក្សាសុខភាព។ លោកបានបន្ថែមថា៖«គ្រូបង្ហាត់ ក៏ត្រូវបានបញ្ជូនមក ដោយការិយាល័យសុខភាពសាធារណៈខេត្តឈៀងរ៉ៃ ដើម្បីបង្រៀនព្រះសង្ឃពីរបៀបប្រើប្រាស់ឧបករណ៍ឱ្យបានត្រឹមត្រូវ»។

ទោះជាយ៉ាងណាក៏ដោយ រូបថតទាំងនេះបានបង្កឱ្យមានមតិអវិជ្ជមានជាច្រើន ដោយមានអ្នកនិយមលេងអ៉ីនធឺណិតខ្លះនិយាយថា វាមិនស័ក្តិសមសម្រាប់ព្រះសង្ឃនោះទេ ដោយបានចង្អុលបង្ហាញថា ព្រះសង្ឃត្រូវមានភាពស្ងប់ស្ងាត់ និងខ្ជាប់ខ្ជួនគ្រប់ពេលវេលា។ អ្នក​ខ្លះ​ទៀត​និយាយ​ថា ភារកិច្ច​របស់​ព្រះសង្ឃ​មិន​រួម​បញ្ចូល​ការ​ហាត់​ប្រាណ​ទេ។ យ៉ាងណាក៏ដោយ អ្នកនិយមលេងអ៉ីនធឺណិតខ្លះទៀត ក៏បានលើកទឹកចិត្តលើរបបហាត់ប្រាណ ដោយនិយាយថា វាជាការល្អដែលឃើញព្រះសង្ឃថែរក្សាសុខភាពឱ្យបានល្អជាងមុន ដោយសារការធាត់លើសទម្ងន់ គឺជាបញ្ហាសុខភាពដែលមិនអាចមើលរំលងផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: