អន្តរជាតិ

រងរបួសចំនួន ១៥នាក់ និងបាត់បង់ជីវិត ១០នាក់ នៅក្នុងការវាយប្រហារដោយកាំបិតនៅក្នុងប្រទេសកាណាដា

BY
autoadmin
September 5, 2022

ប៉ូលិសកាណាដា កាលពីថ្ងៃអាទិត្យបាននិយាយថា ការចាក់សម្លាប់ជាបន្តបន្ទាប់នៅសហគមន៍ជនជាតិដើម (First Nation) និងនៅក្នុងទីក្រុងក្បែរនោះមួយទៀត នៅក្នុងខេត្ត Saskatchewan របស់ប្រទេសកាណាដា បានបណ្តាលឱ្យមនុស្ស ១០ នាក់ស្លាប់ និង ១៥ នាក់រងរបួស ហើយឥឡូវនេះ ប៉ូលីសកំពុងស្វែងរកជនសង្ស័យចំនួន ២នាក់ ដែលកំពុងគេចខ្លួន។ ប៉ូលិសបាននិយាយថា ការចាក់សម្លាប់នេះ បានកើតឡើងនៅទីតាំងជាច្រើននៅលើតំបន់ James Smith Cree Nation និងនៅក្នុងភូមិ Weldon ភាគឦសាននៃខេត្ត Saskatoon ។

លោកស្រី Rhonda Blackmore ជំនួយការស្នងការនៃ Royal Canadian Mounted Police Saskatchewan បាននិយាយថា ជនរងគ្រោះមួយចំនួន ហាក់ដូចជាត្រូវបានជនសង្ស័យកំណត់ជាគោលដៅ ប៉ុន្តែអ្នកផ្សេងទៀត ហាក់ដូចជាត្រូវបានវាយប្រហារដោយចៃដន្យ ហើយលោកស្រីមិនអាចផ្តល់ការបញ្ជាក់ពីមូលហេតុបាននោះទេ។ លោកស្រី Blackmore បាន​ថ្លែង​ថា៖«វា​ជា​រឿង​ដ៏​គួរ​ឱ្យរន្ធត់​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​របស់​យើង​នា​ថ្ងៃ​នេះ»។ ប៉ូលីសបាននិយាយថា ជនសង្ស័យត្រូវបានគេមើលឃើញចុងក្រោយនៅក្នុងរដ្ឋធានី Saskatchewan នៃ Regina កំឡុងពេលម៉ោងអាហារថ្ងៃត្រង់៕

អត្ថបទ៖ លីដា
ប្រភព៖ USA Today

Share This Post: