អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានចាកចេញពីមន្ទីរពេទ្យ ក្រោយតេស្ដវិជ្ជមាន និងព្យាបាលជំងឺកូវីដ១៩
- BY
- autoadmin
- September 5, 2022
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានសម្រាកព្យាបាលជំងឺ COVID-19។ បុរសវ័យ ៩៧ឆ្នាំ ដែលបានបម្រើការអស់រយៈពេលជាង ២ ទសវត្សរ៍ ជានាយករដ្ឋមន្ត្រីរូបនេះ ក៏មានបញ្ហាបេះដូង ហើយគាត់ធ្លាប់គាំងបេះដូង និងឆ្លងកាត់ការវះកាត់ផងដែរ។ សេចក្តីថ្លែងការណ៍បាននិយាយថា លោក Mahathir ត្រូវបានបញ្ជូនទៅវិទ្យាស្ថានជាតិបេះដូងកាលពីថ្ងៃពុធ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយគាត់នឹងនៅដាច់ដោយឡែករហូតដល់ថ្ងៃអង្គារ។

គាត់បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ៣ដង ដែលការចាក់វ៉ាក់សាំងចុងក្រោយគឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នេះបើយោងតាមការអត្ថាធិប្បាយរបស់គាត់ពីមុន និងមន្ត្រីរដ្ឋាភិបាល។ យ៉ាងណាក៏ដោយ វិទ្យាស្ថានជាតិបេះដូងមិនបានបញ្ជាក់ថា តើលោក Mahathir ត្រូវបានគេព្យាបាលដោយរបៀបណានោះទេ។ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល ២២ ឆ្នាំ រហូតដល់ឆ្នាំ២០០៣ លោកបណ្ឌិត Mahathir បានត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីវិញក្នុងវ័យ ៩២ ឆ្នាំ ក្នុងឆ្នាំ២០១៨ បន្ទាប់ពីបានដឹកនាំសម្ព័ន្ធបក្សប្រឆាំងឈ្នះឆ្នោតជាប្រវត្តិសាស្ត្រ ដោយបានផ្តួលគណបក្សដែលលោកធ្លាប់ដឹកនាំពីមុន។ រដ្ឋាភិបាលរបស់លោកបានដួលរលំក្នុងរយៈពេលមិនដល់ ២ ឆ្នាំផង ដោយសារបញ្ហាផ្ទៃក្នុង៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






