ស្ថានីយ៍មួយចំនួននៅវៀតណាមកំពុងខ្វះប្រេងឥន្ទនៈសម្រាប់លក់ឲ្យអតិថិជន
- BY
- Pheakdey
- September 5, 2022
វៀតណាម៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express កាលពីថ្ងៃអាទិត្យ ទី៤ ខែកញ្ញានេះបានឲ្យដឹងថា មានស្ថានីយ៍លក់ប្រេងឥន្ទនៈមួយចំនួននៅក្នុងទីក្រុងហាណូយ និងនៅក្នុងខេត្តភាគខាងជើងនៃប្រទេសវៀតណាមដូចជាខេត្ត Thai Nguyen និងខេត្ត Vinh Phuc បានអស់ប្រេងឥន្ទនៈនិងហ្គាសម្រាប់លក់ឲ្យអតិថិជន។ ហេតុការណ៍នេះបានកើតឡើងនៅ ២ថ្ងៃប៉ុណ្ណោះ មុនពេលដែលអាជ្ញាធរវៀតណាមនឹងធ្វើការកំណត់តម្លៃប្រេងឥន្ទនៈជាថ្មីម្តងទៀតសម្រាប់ឲ្យដាក់លក់នៅលើទីផ្សារទូទាំងប្រទេសវៀតណាម។

ប្រភពខាងលើបានបន្តថា នៅក្នុងស្ថានីយ៍ប្រេងឥន្ទនៈមួយចំនួនបានអស់ប្រេងសាំងសម្រាប់លក់ក្នុងបរិមាណច្រើន តែនៅសល់ខ្លះអាចលក់ក្នុងបរិមាណតិចតួចបាន ខណៈស្ថានីយ៍ប្រេងឥន្ទនៈមួយចំនួននៅក្នុងទីក្រុងហាណូយវិញបានអស់សាំងរលីងពីស្តុកតែម្តង តែនៅសល់ប្រេងម៉ាស៊ូតខ្លះសម្រាប់លក់។ បើតាមលោក Chu Quoc Khanh អនុប្រធាននាយកដ្ឋានឃ្លាំមើលទីផ្សារលក់ផលិតផលប្រេងឥន្ទនៈបានឲ្យដឹងថា គាត់បានទទួលរបាយការណ៍អំពីបញ្ហាខ្វះខាតប្រេងឥន្ទនៈសម្រាប់លក់នេះទាំងពីថ្ងៃសោរ៍ ទី៣ ខែកញ្ញាមកម្លេះ ហើយស្ថានីយ៍មួយចំនួនតូចនៅភាគខាងត្បូងប្រទេសកំពុងប្រឈមនឹងបញ្ហាដូចគ្នានេះផងដែរ។
លោកអនុប្រធាននាយដ្ឋានរូបនេះបានបន្តទៀតថា បញ្ហាដដែលនេះគឺមិនមែនកើតឡើងចំពោះស្ថានីយ៍លក់រាយនោះទេ តែជាក់ស្តែងសូម្បីតែក្រុមហ៊ុន Vietnam National Petroleum Group ដែលធ្លាប់ជាអ្នកផ្គត់ផ្គង់ប្រេងឥន្ទនៈប្រមាណជា ៤០%នៅក្នុងទីផ្សារទាំងមូលក្នុងប្រទេសវៀតណាមក៏កំពុងនឹងបញ្ហាដូចគ្នានេះផងដែរ។ សូមបញ្ជាក់ជូនថា គិតចាប់តាំងពីដើមឆ្នាំមកប្រទេសវៀតណាមបានសម្រេចកែប្រែតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារជាង ២០ដងមកហើយ ដោយក្នុងនោះមានការដំឡើងថ្លៃចំនួន ១៣ដង ការបញ្ចុះតម្លៃចំនួន ៨ដង ខណៈការកំណត់តម្លៃថ្មីនៅដើមសប្តាហ៍នេះគឺត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើងបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express
- Share This Post:






