ចិនអនុម័តអោយប្រើវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ប្រភេទ “ស្រូបចូល” លើកដំបូង ដើម្បីបង្កើនភាពស៊ាំ គ្មានការចាក់ និងគ្មានការឈឺចាប់
- BY
- autoadmin
- September 6, 2022
ចិន៖ កាលពីថ្ងៃទី ៥ ខែកញ្ញា សារព័ត៌មាន Straits Times បានរាយការណ៍ថា ទីភ្នាក់ងារគ្រប់គ្រងឱសថចិន (NMPA) បានអនុម័តលើការប្រើប្រាស់ជាបន្ទាន់នៃការប្រើវ៉ាក់សុំាង Ad5-nCoV ដែលជាវ៉ាក់សាំងប្រភេទស្រូបចូល មកពីក្រុមហ៊ុន Cancino Biologics ដើម្បីបង្កើនវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាបង្កើនភាពស៊ាំ។

ជាលទ្ធផល ប្រទេសចិនបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលប្រើវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ប្រភេទស្រូបចូល ហើយបានជំរុញតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Cancino Biologics នៅលើផ្សារហ៊ុនហុងកុងកើនឡើងចំនួន ១៤.៥% តាំងពីព្រឹកព្រលឹម។
យោងតាមរបាយការណ៍បានបញ្ជាក់ថា៖ វ៉ាក់សាំងដែលស្រូបចូល គឺជាការអភិវឌ្ឍន៍ថ្មីនៃវ៉ាក់សាំងប្រភេទចាក់តែមួយពី Cancino Biologics ដែលបានចាប់ផ្តើមការធ្វើតេស្តមនុស្សនៅខែមីនា ឆ្នាំ ២០២០ ដែលអាចគ្របដណ្តប់លើការធ្វើតេស្តនៅក្នុងប្រទេសចិន ម៉ិកស៊ិក ប៉ាគីស្ថាន ម៉ាឡេស៊ី និងហុងគ្រី។ ដោយវ៉ាក់សាំងដែលស្រូបចូលអាចជំរុញភាពស៊ាំកោសិកា និងភ្នាសរំអិល ដើម្បីបង្កើនការការពារដោយមិនចាំបាច់ចាក់តាមសាច់ដុំ ដូចវ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសព្វថ្ងៃនេះ។
គួរបញ្ជាក់អោយដឹងផងដែរថា៖ វ៉ាក់សាំងដើមពី Cancino Biologics ត្រូវបានធ្វើតេស្ត និងរកឃើញថាមានប្រសិទ្ធភាពដល់ទៅ ៦៦% ក្នុងការទប់ស្កាត់រោគសញ្ញានៃកូវីដ-១៩ និង ៩១% ក្នុងការការពាររោគសញ្ញាធ្ងន់ធ្ងរ៕




អត្ថបទ៖ Bee
ប្រភព៖ straitstimes
- Share This Post:






