អន្តរជាតិ

ជប៉ុន​បាន​សម្រេច​កាត់​បន្ថយ​រយៈ​ពេលនៅដាច់ដោយឡែកមកនៅត្រឹម ៧ ទៅ ៥ថ្ងៃ សម្រាប់អ្នកជំងឺកូវីដ១៩

BY
autoadmin
September 6, 2022

រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​កាត់​បន្ថយ​រយៈ​ពេលនៅដាច់ដោយឡែក សម្រាប់អ្នកជំងឺ COVID-19 និង​សម្រួល​ដល់ប្រព័ន្ធ​​រាប់​ករណីសាជាថ្មី ឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ នាយករដ្ឋមន្ត្រីលោក Kishida Fumio បានផ្លាស់ប្តូរទស្សនៈគ្នាអំពីវិធានការណ៍ថ្មី ជាមួយរដ្មមន្ត្រីសុខាភិបាលលោក Kato Katsunobu និងរដ្ឋមន្ត្រីពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃអង្គារនេះ ដោយបានសម្រេចចិត្តថា រយៈពេលនៅដាច់ដោយឡែកសម្រាប់អ្នកជំងឺ ដែលមានរោគសញ្ញានឹងត្រូវកាត់បន្ថយពី ១០ថ្ងៃ ទៅ ៧ថ្ងៃវិញ។ ចំណែករយៈពេលសម្រាប់អ្នកជំងឺគ្មានរោគសញ្ញា គឺត្រូវកាត់បន្ថយពី ៧ថ្ងៃ ទៅ ៥ថ្ងៃ ដរាបណាពួកគេធ្វើតេស្តអវិជ្ជមាន។

រដ្ឋាភិបាលក៏គ្រោងនឹងផ្លាស់ប្តូរទៅប្រព័ន្ធរាប់ករណីសរុបទូទាំងប្រទេសសាមញ្ញមួយ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដោយនឹងកត់ត្រាព័ត៌មានលម្អិតអំពីអ្នកជំងឺ ដែលមានហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរប៉ុណ្ណោះ។ ការកែតម្រូវចុងក្រោយកំពុងដំណើរការ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងលើចលនារបស់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅតាមផ្ទះ។ សម្រាប់អ្នកជំងឺដែលមានរោគសញ្ញានៃជំងឺ COVID-19 ស្រាលលើសពី ២៤ម៉ោង ឬអ្នកដែលមិនមានរោគសញ្ញា នឹងត្រូវបានអនុញ្ញាតឱ្យចេញក្រៅក្នុងហេតុផលចាំបាច់ ដូចជាទិញគ្រឿងទេសជាដើម។ ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​ពាក់​ម៉ាស់ និង​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ផ្សេង​ទៀត​ ប្រឆាំង​នឹង​ការ​ចម្លង​មេរោគ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​គ្រោង​នឹង​ស្តាប់​យោបល់​ពី​អ្នក​ជំនាញ​ មុន​នឹង​អនុម័ត​ជា​ផ្លូវ​ការ​នូវ​វិធានការ​បែប​នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: