ឆេះខារ៉ាអូខេមួយកន្លែងនៅវៀតណាម ឆក់យកជីវិតមនុស្សអស់ ១២នាក់ និងរបួស ១១នាក់
មន្ត្រីក្នុងតំបន់បានរាយការណ៍នៅថ្ងៃពុធ ទី០៧ ខែកញ្ញា នេះថា អគ្គិភ័យបានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង នៅភាគខាងត្បូងប្រទេសវៀតណាម ដែលបានសម្លាប់មនុស្ស ១២នាក់ និងធ្វើឱ្យរបួស ១១នាក់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះជាន់ទី០២ និងទី០៣ របស់ហាងខារ៉ាអូខេកាលពីយប់ថ្ងៃអង្គារ ដោយបង្កឱ្យជាប់គាំងអតិថិជន និងបុគ្គលិក ហើយផ្សែងបានហុយពាសពេញជណ្តើរ។ សេចក្តីរាយការណ៍បានបន្ថែមថា មនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅលើយ៉រ ដើម្បីគេចពីអណ្តាតភ្លើងដែលឆេះយ៉ាងលឿន ហើយអ្នកខ្លះក៏បង្ខំចិត្តលោតចុះក្រោម។

រូបថតបានបង្ហាញពីផ្សែងហុយចេញពីបារ ដែលស្ថិតនៅក្នុងសង្កាត់របស់ទីក្រុង Thuan An ភាគខាងជើងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញ ខណៈអ្នកពន្លត់អគ្គិភ័យបានព្យាយាមពន្លត់ភ្លើងយ៉ាងមមាញឹក។ លោក Nguyen Thanh Tam មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនិស្តនៅទីក្រុង Thuan An បានប្រាប់ AFP ថា៖«ក្រុមជួយសង្គ្រោះកំពុងស្វែងរកជនរងគ្រោះនៅកន្លែងកើតហេតុនៅឡើយ»។ សាក្សីដែលរស់នៅក្បែរហាងខារ៉ាអូខេ បានប្រាប់បណ្តាញព័ត៌មាន VnExpress ថា នៅពេលរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុ បុគ្គលិកទទួលភ្ញៀវម្នាក់បាននិយាយថា មានមនុស្សចំនួន ៤០នាក់ ជាប់គាំងនៅខាងក្នុង៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia