ទឹកជំនន់ហូរចូលចំណតក្រោមដីក្នុងប្រទេសកូរ៉េខាងត្បូង បានឆក់យកជីវិតមនុស្សចំនួន ៧នាក់
- BY
- autoadmin
- September 7, 2022
មនុស្សចំនួន ៧នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូងបានស្លាប់ បន្ទាប់ពីពួកគេជាប់នៅក្នុងចំណតរថយន្តក្រោមដីមួយ អំឡុងពេលទឹកជំនន់ ដែលបង្កឡើងដោយព្យុះទីហ្វុង Hinnamnor ។ ពួកគេបានចុះទៅយករថយន្តរបស់ពួកគេ ប៉ុន្តែត្រូវបានជាប់គាំងដោយទឹកជំនន់ ដែលហូរចូលទៅក្នុងចំណតក្រោមដីនោះ។ ក្រុមអ្នកសង្គ្រោះបាននិយាយថា ពួកគេបានជួយសង្គ្រោះមនុស្ស ២នាក់ ផ្សេងទៀត ដែលបានរួចជីវិតដោយសារការតោងពិដានអស់រយៈពេលជាង ១២ម៉ោង។ ជម្រាបផងដែរថា ព្យុះទីហ្វុង Hinnamnor ដែលជាព្យុះស៊ីក្លូនខ្លាំងបំផុតក្នុងឆ្នាំនេះ បានបោកបក់មកលើប្រទេសកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះមកម្ល៉េះ។

យោងតាមសារព័ត៌មាន Yonhap បានឱ្យដឹងថា មនុស្សទាំង ៩នាក់ គឺជាអ្នករស់នៅក្នុងអគារផ្ទះល្វែងមួយ ដែលកាលពីព្រឹកថ្ងៃអង្គារ ពួកគេត្រូវបានការិយាល័យគ្រប់គ្រង ប្រាប់ឱ្យផ្លាស់ទីរថយន្តរបស់ពួកគេចេញពីកន្លែងចតរថយន្ត ប៉ុន្តែគួរឱ្យសោកស្ដាយសម្រាប់អ្នកដែលបានបាត់បង់ជីវិត។ គិតមកទល់ពេលនេះ យ៉ាងហោចណាស់មានមនុស្ស ១០ នាក់បានស្លាប់ ដោយសារព្យុះ Hinnamnor ដែលបានបោកបក់ឆ្នេរសមុទ្រភាគខាងត្បូង និងភាគខាងកើតរបស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដោយបានជំរុញឱ្យមានរលកខ្ពស់ៗ ខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ល ៕



អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






