លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបដោយផ្ទាល់ជាមួយលោក ស៊ី ជីនពីង នៅប្រទេសអ៊ូសបេគីស្ថាននៅសប្តាហ៍ក្រោយ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ពីផែនការរបស់គាត់ ក្នុងការជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅប្រទេសអ៊ូសបេគីស្ថាន នៅសប្តាហ៍ក្រោយ។ ការបញ្ជាក់នេះបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់លោក កាលពីថ្ងៃពុធ ជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិនលោក Li Zhanshu។ លោក Li កំពុងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok ជាកន្លែងដែលលោក ពូទីន ធ្វើការថ្លែងសុន្ទរកថា។ ការិយាល័យប្រធានាធិបតីរុស្ស៊ីបាននិយាយថា លោក ពូទីន បានស្វាគមន៍មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់លំដាប់ទី០៣ របស់ទីក្រុងប៉េកាំងរូបនេះ ដោយបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Li «គូសបញ្ជាក់អំពីលក្ខណៈពិសេសនៃទំនាក់ទំនងរុស្ស៊ី-ចិន»។

លោកបាននិយាយថា លោកនឹងជួបពិភាក្សាជាមួយលោក ស៊ី ក្នុងអំឡុងកិច្ចប្រជុំរយៈពេល ២ថ្ងៃ នៃអង្គប្រជុំសហប្រតិបត្តិការសៀងហៃ នៅក្នុងប្រទេសអ៊ូសបេគីស្ថាន ដែលចាប់ផ្តើមនៅថ្ងៃទី១៥ ខែកញ្ញា។ លោក ពូទីន និងលោក ស៊ី ជីនពីង បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែនេះជាលើកដំបូងដែលពួកគេនឹងជួបគ្នាដោយផ្ទាល់ ចាប់តាំងពីថ្ងៃទី០៤ ខែកុម្ភៈ។ លោក ពូទីន ក៏បានបង្ហាញពីផែនការដើម្បីជួបពិភាក្សា ៣ផ្លូវ ជាមួយប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaa Khurelsukh នៅក្នុងព្រឹត្តិការណ៍នៅអ៊ូសបេគីស្ថានផងដែរ។
គេសង្កេតឃើញថា រដ្ឋបាលលោក ពូទីន បាននិងកំពុងពង្រឹងទំនាក់ទំនងជាមួយក្រុងប៉េកាំង ហើយយោធាចិនក៏បានចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ី ដែលបានធ្វើឡើងនៅតំបន់ចុងបូព៌ារយៈពេលមួយសប្តាហ៍រហូតដល់ថ្ងៃពុធ ខណៈដែលរុស្ស៊ីបន្តរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់អឺរ៉ុប និងសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ NHK