អន្តរជាតិ

កូនស្រីពៅលោក Steve Jobs បានចំអកក្រុមហ៊ុន Apple ចំៗថា iPhone 14 ស៊េរីថ្មី គ្មានអីខុសគ្នាពី iPhone 13 ឡើយ

BY
autoadmin
September 8, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា កូនស្រីរបស់ Steve Jobs គឺនាង Eve បានចំអកឱ្យ Apple ចំពោះការបង្ហាញ iPhone 14 ស៊េរីថ្មី ដោយការបង្ហោះអ៉ីនធឺណិត meme នៅលើបណ្ដាញសង្គមរបស់នាង។ នាង Eve Jobs ដែលមានអាយុ ២៣ឆ្នាំ បានឆ្លើយតបភ្លាមៗទៅលើការប្រកាសរបស់ក្រុមហ៊ុន Apple កាលពីថ្ងៃពុធ (ម៉ោងនៅអាមេរិក) បូករួមជាមួយនឹងរូបភាព meme មួយដែលសរសេរថា៖«ខ្ញុំអាប់ដេតពី iPhone 13 ទៅ iPhone 14 បន្ទាប់ពីការប្រកាសរបស់ Apple» ខណៈនៅក្នុងរូបភាពនោះផងដែរ គឺមានរូបមនុស្សពាក់អាវក្រឡា ហើយដៃរបស់គាត់ មានកាន់អាវក្រឡាដូចគ្នាបេះដាក់ទៅនឹងអាវដែលគាត់កំពុងពាក់។

អ្នក​បញ្ចេញមតិម្នាក់បាន​សរសេរ​ថា៖«គេ​គ្រាន់​តែ​បញ្ចេញរបស់ដដែល​ៗ ម្តង​ហើយ​ម្តង​ទៀត»។ ខ្លះទៀតសរសេរថា៖«Apple បានបញ្ចេញទូរស័ព្ទដូចគ្នា ជាមួយនឹងការកែលម្អតិចតួចម្តងទៀត?»។ អ្នកផ្សេងទៀតក៏បានចំអកថា៖«វាមិនដូចគ្នាទេ ព្រោះវាធ្វើឱ្យអ្នកចំណាយប្រាក់កាន់តែច្រើនជាងមុន»។

ជម្រាបដែរថា Apple ទើបតែបានបង្ហាញ iPhone 14 Pro និង iPhone 14 Pro Max ជាផ្លូវការ ដោយបំពាក់ជាមួយនឹងមុខងារត្រួសៗ ដូចជា៖ Always-On Display (AOD), រចនាបែប Pill-Shaped cutout, បន្ទះឈីប A16 Bionic និងកាមេរ៉ាទំហំ 48-megapixel ហើយគ្មានក្បាលឆក (notch) ទៀតនោះទេ។ ម្យ៉ាងទៀត iPhone 14 មានភ្ជាប់ផ្កាយរណប ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចផ្ញើសារ SOS ពីផ្កាយរណប ប្រសិនបើពួកគេជាប់ក្នុងគ្រាអាសន្នដោយគ្មានសេវា។ លក្ខណៈពិសេសនេះ ត្រូវបានណែនាំនៅក្នុងខែវិច្ឆិកា ២ខែ បន្ទាប់ពីស្មាតហ្វូនថ្មីនេះ នឹងវាយលុកទីផ្សារនៅថ្ងៃទី១៦ ខែកញ្ញា ឆាប់ៗនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: