ឃើញផ្លូវស្ទះជាប្រចាំ លោកពូម្នាក់សុខចិត្តផ្អាករត់ម៉ូតូឌុបសិនមកជួយសម្រួលចរាចរណ៍ ដោយមិនគិតនឿយហត់ ទាំងក្នុងគ្រួសារមានជីវភាពខ្វះខាត និងមានកូនឈឺក្នុងបន្ទុកត្រូវផឹកថ្នាំជាប្រចាំ
- September 9, 2022
(ភ្នំពេញ)៖ ជារៀងរាល់ព្រឹក បងប្អូនដែលធ្វើដំណើរនៅផ្លូវ៥៦៦ ក្នុងខណ្ឌទួលគោក ក្រោយសាលារៀន Paragon ភាគច្រើនបានឃើញវត្តមានរបស់លោកពូម្នាក់ដែលគាត់ជាអ្នករត់ម៉ូតូឌុបនៅក្បែរនោះ គាត់តែងតែជួយសម្រួលចរាចរណ៍ទាំងបែកញើសសស្រាកពេញរាងកាយ ដោយសារមើលឃើញការកកស្ទះខ្លាំងពេក អំឡុងពេលឪពុកម្តាយជូនកូនទៅសាលារៀននៅម្តុំនោះ។

ដោយមើលឃើញពីឆន្ទៈ និងទឹកចិត្តរបស់លោកពូក្នុងការចូលរួមជួយសង្គម ព្រឹកនេះក្រុមការងារ Khmernote បានជួបជាមួយលោកពូ នឹងបានសំភាសន៍លោកពូខ្លះៗពីជីវភាពក៏ដូចជាទុក្ខលំបាករបស់លោកពូ។ លោកពូបានរៀបរាប់ថា គាត់មានឈ្មោះ ឃ្លោក វណ្ណៈ អាយុ៥៥ឆ្នាំ មានកូនចំនួន៤នាក់នៅក្នុងបន្ទុក។ លោកពូមានជីវភាពខ្វះខាតហើយមានកូនស្រីម្នាក់មានជំងឺប្រចាំកាយ គឺជំងឺរលាកស្រោមខួរ ដែលតម្រូវឱ្យលេបថ្នាំជាប្រចាំ ត្រូវចំណាយច្រើន ចំណែកឯភរិយាក៏ឈឺទៀត ដោយគាត់បានវះកាត់ស្បូនអស់ ហើយប្រកបការងារជាអ្នកធ្វើការអនាម័យ។
ជារៀងរាល់ខែលោកពូត្រូវចំណាយលើថ្លៃបន្ទប់ជួល ថ្លៃថ្នាំរបស់កូន និងចំណាយផ្សេងៗក្នុងគ្រួសារ ខណៈមិនសូវមានអ្នកជិះម៉ូតូឌុប លោកពូក៏ទទួលដឹកអីវ៉ាន់អនឡាញវិញ គ្រាន់បានកម្រៃខ្លះដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃដែរ។ ដោយមើលឃើញភាពកកស្ទះរៀងរាល់ថ្ងៃលោកពូបានឆ្លៀតជួយសម្រួលចរាចរណ៍ និងពេលខ្លះម៉ូយតេរកដើម្បីដឹកឥវ៉ាន់ លោកពូបានសុំទោសម៉ូយដោយសារជាប់ជួយសម្រួលចរាចរណ៍ស្ទះខ្លាំងពេក មិនអាចចាកចេញបាន។
លោកពូបានបន្ថែមថា ផ្លូវនេះក៏មានគ្រោះថ្នាក់ជាញឹកញាប់ សម្រាប់ផលវិបាកវិញ ពេលខ្លះកំពុងសម្រួលចរាចរណ៍សឹងតែមានអ្នកជិះប៉ះលោកពូថែមទៀតផង ប៉ុន្តែបញ្ហាទាំងនេះមិនធ្វើឱ្យលោកពូបញ្ឈប់សកម្មភាពជួយក្នុងសង្គមដែរ។ លោកពូ ជួយសម្រួលចរាចរណ៍ទីនេះរាប់ឆ្នាំមកហើយ ពោលគឺធ្វើចេញពីចិត្ត និងសប្បាយចិត្តរាល់ពេលបានជួយដល់សង្គម។ ក្រុមការងារក៏បានសុំលេខធនាគាររបស់លោកពូដែរ ដោយសារមានអ្នកចង់ជួយឧបត្ថម្ភលោកពូច្រើន ប៉ុន្តែលោកពូបានបង្ហាញថារាល់ថ្ងៃលោកពូមានតែទូរសព្ទសម្រាប់តេធម្មតា ពីរគ្រឿងទេ ដោយលេខទូរសព្ទរបស់លោកពូឃ្លោក វណ្ណៈ គឺ 096 616 8940 ដូចនេះក្រុមការងារសម្រេចចិត្តដាក់លេខ ABA របស់ក្រុមការងារ និងទទួលថវិកាឧបត្ថម្ភសម្រាប់លោកពូ ហើយប្រគល់ជូនលោកពូ ចំណែកឈ្មោះសប្បុរសជន នឹងសរសេរនៅលើផេកហ្វេសបុកផ្លូវការរបស់អង្គភាព Khmernote តែម្តង៕





- Share This Post:






