សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនអ៉ីរ៉ង់ សម្រាប់ការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកឱ្យរុស្ស៊ី
- BY
- autoadmin
- September 9, 2022
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពអ៉ីរ៉ង់ចំនួន ៤ និងបុគ្គលម្នាក់ ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេ នៅក្នុងការផ្តល់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ី នេះបើតាមការឱ្យដឹងរបស់ក្រសួងរតនាគារអាមេរិក ដែលបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ អ្នកដែលស្ថិតក្រោមការដាក់ទណ្ឌកម្មនេះ នឹងត្រូវគេបង្កកទ្រព្យសម្បត្តិ និងផលប្រយោជន៍ផ្សេងទៀត នៅក្នុងសហរដ្ឋអាមេរិក។ ក្រសួងរតនាគារបាននិយាយថា អង្គភាពមួយក្នុងចំណោមអង្គភាពទាំង ៤ គឺក្រុមហ៊ុន Paravar Pars ដែលជាក្រុមហ៊ុនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសាកលវិទ្យាល័យ Imam Hossein ដែលត្រូវបានគ្រប់គ្រងដោយកងឆ្មាំបដិវត្តន៍អ៉ីស្លាមរបស់អ៉ីរ៉ង់។

ក្រសួងបានចោទប្រកាន់ក្រុមហ៊ុនថា បានផលិត និងសាកល្បងយន្ដហោះគ្មានមនុស្សបើក ឬ UAV សម្រាប់ឆ្មាំបដិវត្តន៍អ៉ីស្លាមរបស់អ៉ីរ៉ង់ (IRGC)។ ក្រសួងរតនាគារក៏បាននិយាយផងដែរថា សេវាកម្មអាកាសយានដ្ឋាន Safiran ដែលមានមូលដ្ឋាននៅទីក្រុងតេអេរ៉ង់ បានសម្របសម្រួលជើងហោះហើរយោធារុស្ស៊ីរវាងអ៉ីរ៉ង់ និងរុស្ស៊ី រួមទាំងអ្នកដែលទាក់ទងនឹងការដឹកជញ្ជូន UAV បុគ្គលិក និងឧបករណ៍ពាក់ព័ន្ធទៅកាន់ប្រទេសរុស្ស៊ី។ មន្ត្រីក្រសួងរតនាគារជាន់ខ្ពស់និយាយថា៖«សហរដ្ឋអាមេរិកប្តេជ្ញាអនុវត្តយ៉ាងតឹងរ៉ឹងនូវទណ្ឌកម្មរបស់យើងប្រឆាំងនឹងរុស្ស៊ី និងអ៉ីរ៉ង់ និងទទួលខុសត្រូវចំពោះអ៉ីរ៉ង់ និងអ្នកដែលគាំទ្រសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»៕
អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






