អន្តរជាតិ

ហេតុអ្វីបានជាលេខ 911 ត្រូវបានគេជ្រើសរើសជាលេខទូរសព្ទសង្គ្រោះបន្ទាន់នៅអាមេរិក?

BY
autoadmin
September 12, 2022

ជាធម្មតាយើងគ្រប់គ្នាបានដឹងហើយថា លេខ 911 គឺជាលេខសម្រាប់ការហៅទូរសព្ទបន្ទាន់នៅសហរដ្ឋអាមេរិក ដូចជាការរាយការណ៍អំពីឧក្រិដ្ឋកម្ម ករណីអគ្គីភ័យ ឬការស្នើសុំរថយន្តសង្គ្រោះបន្ទាន់ជាដើម។ លេខ 911 មិនត្រឹមតែជាលេខសុំជំនួយបន្ទាន់ សម្រាប់ការហៅនៅប្រទេស ឬតំបន់ណាមួយនោះទេ គឺវាត្រូវបានគេប្រើប្រាស់ជាសកលនៅគ្រប់ទីកន្លែងទាំងអស់។ យ៉ាងណាក៏ដោយតើអ្នកដឹងទេថា តើលេខ 911 មានប្រភពមកពីណា? ហើយវាចាប់ផ្ដើមក្លាយជាលេខសង្គ្រោះបន្ទាន់ជាសកលតាំងពីឆ្នាំណាមក?

កាលពីឆ្នាំ១៩៦៨ នៅមុនពេលដែលលេខ «911» ត្រូវបានគេណែនាំឱ្យប្រើប្រាស់ជាសកល ប្រទេសនានានៅលើពិភពលោកយើងនេះ មិនមានលេខច្បាស់លាស់ណាមួយ សម្រាប់ការទាក់ទងក្នុងគ្រាមានអាសន្ននោះទេ។ ពោលគឺប្រសិនបើមានមនុស្សស្វែងរកការសង្គ្រោះពីមន្ទីរពេទ្យ ឬការរាយការណ៍ទៅប៉ូលីស ពួកគេត្រូវទាក់ទងទៅលេខទូរសព្ទរបស់មន្ទីរពេទ្យ ឬប៉ូលីសនៅក្នុងតំបន់របស់ពួកគេ ហើយលេខទាំងនោះសុទ្ធតែជាលេខខុសៗគ្នាមិនងាយស្រួលក្នុងការចងចាំនោះទេ។

សហរដ្ឋអាមេរិក មានលេខទូរស័ព្ទសង្គ្រោះបន្ទាន់ទូទាំងប្រទេសនៅឆ្នាំ១៩៥៧ នៅពេលដែលប្រធានសមាគមនៃអគ្គីភ័យជាតិ បានណែនាំឱ្យប្រើលេខ 911 សម្រាប់ការរាយការណ៍អំពីអគ្គីភ័យ។ លុះរហូតដល់ឆ្នាំ១៩៦៧ គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ក៏បានជួបជាមួយក្រុមហ៊ុន AT&T ដើម្បីបង្កើតលេខសង្គ្រោះបន្ទាន់ជារួមមួយ ហើយក៏បានជ្រើសរើសយកលេខ 911 នេះតែម្ដង ដោយសារវាខ្លី ងាយស្រួយចងចាំ ហើយវាក៏ធ្លាប់ត្រូវបានគេប្រើប្រាស់រួចជាស្រេច។

មិនយូរប៉ុន្មាន សភាសហរដ្ឋអាមេរិកបានយល់ព្រមគាំទ្រលេខ 911 ជាស្តង់ដារលេខសង្គ្រោះបន្ទាន់ថ្នាក់ជាតិ ហើយបានអនុម័តច្បាប់ធ្វើឱ្យ 911 ជាលេខផ្តាច់មុខសម្រាប់សេវាហៅទូរសព្ទបន្ទាន់។ ការិយាល័យកណ្តាលមួយ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Bell System ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រព័ន្ធនេះ។ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៦៨ សមាជិកព្រឹទ្ធសភារដ្ឋអាឡាបាម៉ា លោក Rankin Fite បានធ្វើការហៅទូរសព្ទទៅកាន់លេខ 911 ជាលើកដំបូងចេញពីក្រុង Haleyville រដ្ឋអាឡាបាម៉ា។ មួយសប្តាហ៍ក្រោយមកក្រុង Nome របស់រដ្ឋ Alaska បានអនុវត្តប្រព័ន្ធ 911។

បន្ទាប់ពីការទទួលស្គាល់ដំបូងរបស់ខ្លួននៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ប្រព័ន្ធ 911 បានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស។ នៅឆ្នាំ១៩៧៩ ប្រហែល ២៦% នៃពលរដ្ឋអាមេរិកមានសេវា 911 ហើយរដ្ឋចំនួន ៩ បានអនុម័តច្បាប់ សម្រាប់ប្រព័ន្ធ 911 នៅទូទាំងរដ្ឋ។ ប្រហែល ៥០% នៃចំនួនប្រជាជនអាមេរិកមានសេវា 911 នៅឆ្នាំ១៩៨៧ ហើយនៅឆ្នាំ១៩៩៩ វាកើនឡើងប្រហែល ៩៥% នៃចំនួនប្រជាជនអាមេរិកទាំងអស់៕

អត្ថបទ៖ លីដា
ប្រភព៖ CBS News

Share This Post: