អន្តរជាតិ

លោកស្រី Ardern និយាយថា នូវែលសេឡង់អាចក្លាយជាសាធារណរដ្ឋមួយ ប៉ុន្តែមិនមែនក្នុងពេលឆាប់ៗនេះទេ

BY
autoadmin
September 13, 2022

នាយករដ្ឋមន្ត្រីលោកស្រី Jacinda Ardern បាននិយាយកាលពីថ្ងៃចន្ទថា នូវែលសេឡង់នឹងមិនទាន់ចាត់វិធានការណាមួយ ដើម្បីក្លាយខ្លួនជាសាធារណរដ្ឋ ក្រោយពីការសោយទីវង្គត់របស់ម្ចាស់ក្សត្រី Elizabeth នោះទេ បើទោះបីជាលោកស្រីរំពឹងថា ប្រទេសរបស់គាត់នឹងក្លាយជាសាធារណរដ្ឋនៅពេលណាមួយក៏ដោយ។ លោកស្រី Ardern បានប្រាប់អ្នកយកព័ត៌មានថា៖«ខ្ញុំមិនប្រញាប់ប្រញាល់នោះទេ។ មានបញ្ហាប្រឈមជាច្រើនដែលយើងប្រឈមមុខ។ នេះគឺជាការជជែកវែកញែកដ៏សំខាន់។ ខ្ញុំមិនគិតថា វាជារឿងមួយដែលនឹងកើតឡើង ឬគួរតែកើតឡើងក្នុងពេលឆាប់ៗនេះទេ»។

គួរឱ្យដឹងដែរថា នូវែលសេឡង់ គឺជាអាណាចក្រមួយក្នុងចំណោម ១៥ អាណាចក្រ ដែលរាប់ស្តេចអង់គ្លេសជាប្រមុខរដ្ឋ រួមទាំងប្រទេសអូស្ត្រាលី និងកាណាដា ទោះបីជាតួនាទីនេះភាគច្រើនគ្រាន់តែជាតំណាងក៏ដោយ។ ប៉ុន្តែក៏មានការជជែកដេញដោលមួយរយៈក្រោយនេះមកថា តើនូវែលសេឡង់គួរតែក្លាយជាសាធារណៈរដ្ឋ ដោយមានពលរដ្ឋជាប្រមុខរដ្ឋ ឬយ៉ាងណា។ លោកស្រី Ardern បាននិយាយថា ប្រទេសនូវែលសេឡង់នឹងប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធរបស់ម្ចាស់ក្សត្រី Elizabeth ជាមួយនឹងពិធីរំលឹកវិញ្ញាណក្ខន្ធថ្នាក់ជាតិ និងថ្ងៃឈប់សម្រាកសាធារណៈមួយ នៅថ្ងៃទី២៦ ខែកញ្ញា។

លោកស្រី Ardern នឹងតំណាងឱ្យនូវែលសេឡង់ រួមជាមួយនឹងអគ្គទេសាភិបាល ក្នុងពិធីបុណ្យសពរបស់ព្រះមហាក្សត្រិយានី ហើយនឹងចាកចេញទៅទីក្រុងឡុងដ៍នៅថ្ងៃពុធ។ ការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី ក៏បានបន្តការជជែកវែកញែកអំពីអនាគតនៃរាជាធិបតេយ្យនៅទូទាំងសមុទ្រ Tasman ក្នុងប្រទេសអូស្ត្រាលី។ ជាក់ស្ដែង នាយករដ្ឋមន្ត្រីអូស្ដ្រាលីលោក Anthony Albanese ដែលជាអ្នកគាំទ្រសាធារណរដ្ឋ បាននិយាយថា រដ្ឋាភិបាលរបស់គាត់នឹងមិនទាន់ស្វែងរកការបោះឆ្នោតប្រជាមតិ នៅក្នុងអាណត្តិដំបូងរបស់ខ្លួននោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: