ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដែលធ្វើឱ្យដំណើរសំណុំរឿង 1MDB ត្រូវបានផ្អាក

    BY autoadmin September 14, 2022
    អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដែលធ្វើឱ្យដំណើរសំណុំរឿង 1MDB ត្រូវបានផ្អាក

    មេធាវីលោក Muhammad Shafee Abdullah បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺលោក Najib Razak ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Kuala Lumpur (HKL) កាលពីថ្ងៃចន្ទម្សិលមិញនេះ ហើយអាចនឹងត្រូវបានបញ្ជូនទៅវិទ្យាស្ថានបេះដូងជាតិ (IJN) បន្ទាប់ពីនោះ ដែលធ្វើឱ្យដំណើរការកាត់ក្ដីលើសំណុំរឿង 1Malaysia Development ត្រូវផ្អាក។ មុននេះ លោកមេធាវីក៏បានប្រាប់តុលាការជាន់ខ្ពស់ថា លោក Najib កំពុងមានសម្ពាធឈាមឡើងចុះ ហើយត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនដង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីបញ្ជាក់ពីស្ថានភាពរបស់គាត់។

    លោកមេធាវី​បាន​សុំ​ពន្យារពេល​សវនាការ​នៅ​ថ្ងៃ​អង្គារនេះ ដោយសារ​គាត់​មិន​អាច​អារកាត់លើសំណុំរឿង 1MDB ដោយសារ​គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទៅ​ជួប​លោក Najib នៅក្នុង​មន្ទីរពេទ្យបានទេ។ ជាមួយគ្នានេះដែរ ព្រះរាជអាជ្ញារងលោក Mohamad Mustaffa P Kunyalam ក៏មិនបានជំទាស់នឹងការពន្យារពេលនោះទេ។ បន្ទាប់មកទើបចៅក្រមលោក Collin Lawrence Sequerah បានសម្រេចពន្យារពេលដំណើរការនេះ ទៅរសៀលថ្ងៃពុធវិញ។

    គួរឱ្យដឹងដែរថា លោក Najib Razak អាយុ ៦៩ឆ្នាំ កំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៤ ពីបទប្រើប្រាស់តួនាទីរបស់គាត់ ដើម្បីទទួលបានសំណូកសរុបចំនួន ២.២៨ ពាន់លានរីងហ្គីត (ជាង ៥០០ លានដុល្លារ) ពីមូលនិធិគម្រោង 1MDB និង ២១ ករណី ពីបទលាងលុយកខ្វក់ដែលពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ដូចគ្នានោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: