សកម្មជនថៃ វ័យ២៣ឆ្នាំម្នាក់ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទស្លៀកពាក់ក្នុងន័យចំអកព្រះមហាក្សត្រីរបស់ថៃ
- BY
- autoadmin
- September 14, 2022
យោងតាមការចុះផ្សាយរបស់សារពត៌មាន BBC បានឱ្យដឹងថា តុលាការរបស់ប្រទេសថៃ បានកាត់ទោសអ្នកតវ៉ាម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ ដោយការស្លៀកសំលៀកបំពាក់ប្រពៃណីនៅក្នុងបាតុកម្ម ដែលជាទង្វើគេមើលឃើញថា ជាការចំអកដល់ព្រះមហាក្សត្រីរបស់ថៃ។ កាលពីថ្ងៃច័ន្ទនេះ តុលាការព្រហ្មទណ្ឌបានកាត់ទោសលោក Jatuporn Saeoueng ហៅ New ដែលទើបតែមានអាយុ ២៣ឆ្នាំ ពីបទចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដបែបចំអក នៅទីក្រុងបាងកក ក្នុងខែតុលា កាលពីឆ្នាំ២០២០ ខណៈព្រឹត្តិការណ៍នោះផ្ទាល់ គឺជាអំពាវនាវឱ្យមានកំណែទម្រង់របបរាជានិយមរបស់ប្រទេសថៃ។

ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់បានពេញផ្លូវក្នុងប្រទេសថៃ បន្ទាប់ពីខែកក្កដា ឆ្នាំ២០២០ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ដែលឡើងកាន់អំណាចក្រោយដឹកនាំរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ត្រូវតែចុះចេញពីតំណែង។ មនុស្សមួយចំនួនក៏បានរិះគន់របបរាជានិយម ចំពេលមានស្ថានភាពធ្ងន់ធ្ងរកំឡុងពេលមានវិបត្តិជំងឺរាតត្បាត COVID-19 ។ ក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្សបាននិយាយថា សកម្មជនជាង ២០០នាក់ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






