ខ្មែរណូត

ស្វែងរក

  • សង្គម

    បុរសដែលដឹកសំរាមមកចាក់ចោលលើផ្លូវក្នុងក្រុងព្រះសីហនុ បានចូលខ្លួនសារភាពកំហុស និងយល់ព្រមការផាកពិន័យទឹកប្រាក់ ១លានរៀល (មានវីដេអូ)

    BY Naren September 14, 2022
    បុរសដែលដឹកសំរាមមកចាក់ចោលលើផ្លូវក្នុងក្រុងព្រះសីហនុ បានចូលខ្លួនសារភាពកំហុស និងយល់ព្រមការផាកពិន័យទឹកប្រាក់ ១លានរៀល (មានវីដេអូ)

    (ព្រះសីហនុ)៖ បុរសម្នាក់ដែលបានចោលសំរាមនៅទីសាធារណៈ ក្នុងក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចចូលខ្លួនសារភាពកំហុស និងបង់ផាកពិន័យ ជូនមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ។ ការចូលខ្លួនមកសារភាពនេះ ធ្វើឡើងក្រោយពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការលើបុរសម្នាក់ ក្រោយរូបគេចោលសំរាមនៅទីសាធារណៈធ្វើឱ្យប៉ះពាល់ដល់បរិស្ថានទីក្រុង។ បុរសម្នាក់នេះមានអាយុ៣៨ ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ បានសារភាពកំហុសរបស់ខ្លួន ហើយយល់ព្រមបង់ប្រាក់ផាកពិន័យចំនួន១លានរៀល និងបានសន្យាថា រូបគេឈប់បោះចោលសំរាមនៅតាមទីសាធារណៈតទៅទៀតហើយ។ក្នុងករណីមានលើកក្រោយទៀត រូបគេសូមទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន។

    សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់បានយកសំរាមទៅបោះចោលនៅទីសាធារណៈ ដែលមានទីតាំង ខាងក្រោងការាស់សាំងកាល់តិច ស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ បណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពទីក្រុង និងអនាម័យបរិស្ថាន។ ជាថ្មីម្តងទៀតរដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានល្អ ដើម្បីថែរក្សាអនាម័យបរិស្ថាន និងលើកស្ទួយសោភ័ណភាពទីក្រុងរបស់យើងទាំងអស់គ្នា ហើយសូមមេត្តាកុំបោះចោលសំរាម នៅតាមទីសាធារណៈ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង សុខភាពសាធារណៈ ការអភិរក្សជីវចម្រុះ និងបង្កឱ្យមានការបំពុលដល់បរិស្ថាននៅក្នុងខេត្តព្រះសីហនុទាំងមូល៕

    ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    Share This Post: