អន្តរជាតិ

នាយករដ្ឋមន្ត្រីស៊ុយអែត Magdalena Andersson បានចាញ់នៅក្នុងការបោះឆ្នោត ខណៈក្រុមប្រឆាំងស្ដាំនិយមគឺជាអ្នកឈ្នះ

BY
autoadmin
September 15, 2022

នាយករដ្ឋមន្ត្រីរបស់ប្រទេសស៊ុយអែត គឺលោកស្រី Magdalena Andersson ដែលមកពីគណបក្សប្រជាធិបតេយ្យសង្គម បានទទួលយកបរាជ័យរបស់គាត់កាលពីថ្ងៃពុធ បន្ទាប់ពីការបោះឆ្នោតដ៏ប្រកៀកប្រកិតមួយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN។ នៅក្នុងការបូកសរុបលទ្ធផលមួយ ដែលមិនទាន់ជាលទ្ធផលផ្លូវការ វាបានបង្ហាញថា ក្រុមប្រឆាំងស្តាំនិយមដែលមានសម្ព័ន្ធដៃគូចំនួន ៤ គណបក្ស គឺជាអ្នកទទួលជ័យជម្នះ និងជាលើកដំបូងបំផុត ដើម្បីឈានទៅរកការបង្កើតរដ្ឋាភិបាលថ្មីមួយ។

សន្លឹកឆ្នោតមួយក្តាប់តូចនៅតែត្រូវគេរាប់នៅឡើយ ប៉ុន្តែលោកស្រី Andersson ដែលបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសស៊ុយអែតកាលពីឆ្នាំមុន បាននិយាយថា លទ្ធផលបានបង្ហាញហើយថា ក្រុមស្ដាំនិយមគឺជាអ្នកឈ្នះ។

ក្រុមស្ដាំនិយមចំនួន ៤ ដែលមានគណបក្សសេរី-អភិរក្សនិយម (The Moderates), ប្រជាធិបតេយ្យស៊ុយអែត (Sweden Democrats), ប្រជាធិបតេយ្យគ្រីស្ទាន (Christian Democrats) និងសេរីនិយម (Liberals) បាននាំមុខ ១ អាសនៈ បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃអាទិត្យ ដែលនាំឱ្យក្រុមស្ដាំនិយមមានកៅអីសរុប ១៧៦ អាសនៈក្នុងសភា ទល់នឹង ១៧៣ អាសនៈ របស់បក្សកណ្តាល-ឆ្វេង នេះបើយោងតាមតួលេខចុងក្រោយពីអាជ្ញាធរបោះឆ្នោត។ លទ្ធផលនៅតែត្រូវបញ្ជាក់ជាផ្លូវការបន្ថែមទៀត ពោលគឺប្រហែលជានៅចុងសប្តាហ៍នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: