អន្តរជាតិ

អគ្គនាយក WHO បញ្ជាក់ថា ពិភពលោកគួរចាប់យកឱកាស ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ១៩

BY
autoadmin
September 15, 2022

អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ បាននិយាយថា ចំនួនករណីថ្មីនៃជំងឺ COVID-19 ដែលត្រូវបានរាយការណ៍មកខ្លួន គឺបានធ្លាក់ចុះយ៉ាងខ្លាំង ហើយ WHO ជំរុញឱ្យពិភពលោកចាប់យកឱកាសនេះ ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺ ដែលបានសម្លាប់ពលរដ្ឋអស់រាប់លាននាក់ចាប់តាំងពីចុងឆ្នាំ២០១៩ មួយនេះ។ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា ករណីថ្មីៗមានការថយចុះគួរឱ្យកត់សម្គាល់ ហើយសប្តាហ៍មុនវាបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមីនាឆ្នាំ២០២០ មក។

គាត់បានប្រាប់អ្នកយកព័ត៌មានថា៖«យើងមិនដែលនៅលើទីតាំងប្រសើរជាងនេះ ដើម្បីបញ្ចប់ជំងឺរាតត្បាតទេ។ យើង​មិន​ទាន់​ទៅដល់ទីតាំងនោះឡើយ​ទេ ប៉ុន្តែ​ទី​បញ្ចប់របស់វា ​គឺ​ជិតមកដល់ហើយ»។ លោក​បាន​បន្ថែម​ថា៖«ប៉ុន្តែ​ពិភពលោក​ចាំបាច់​ត្រូវ​បង្កើន​ការ​ចាប់​យក​ឱកាស​នេះ។ ប្រសិនបើយើងមិនចាប់យកឱកាសនេះឥឡូវនេះទេ យើងប្រឈមនឹងហានិភ័យនៃការប្រែប្រួលកាន់តែច្រើន ការស្លាប់កាន់តែច្រើន ការរំខានកាន់តែច្រើន និងភាពមិនច្បាស់លាស់កាន់តែច្រើន»។

គួរឱ្យដឹងដែថា យោងតាមរបាយការណ៍រោគរាតត្បាតចុងក្រោយបង្អស់របស់អង្គការសុខភាពពិភពលោកស្តីពី COVID-19 ចំនួនករណី ដែលបានរាយការណ៍បានធ្លាក់ចុះ ២៨% មកនៅត្រឹម ៣.១ លាន ក្នុងអំឡុងពេលសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី១១ ខែកញ្ញា បន្ទាប់ពីការធ្លាក់ចុះ ១២% កាលពីសប្តាហ៍មុន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: