អន្តរជាតិ

មឈូស​ព្រះ​សព​ម្ចាស់ក្សត្រី Elizabeth II បានមកដល់ព្រះបរមរាជវាំង Westminster នៅមុនការប្រារព្ធពិធីបុណ្យថ្នាក់រដ្ឋ

BY
autoadmin
September 15, 2022

មឈូស​ព្រះ​សពរបស់​ម្ចាស់ក្សត្រី Elizabeth II បានដង្ហែ​មក​ដល់​ព្រះបរមរាជវាំង Westminster កាល​ពី​ថ្ងៃ​ពុធនេះ បន្ទាប់ពីមឈូសរបស់ទ្រង់ បានចាកចេញពីវិមាន Buckingham ជាលើកចុងក្រោយ។ ស្តេច Charles III និងសមាជិកដទៃទៀតនៃគ្រួសាររាជវង្ស បានចូលរួមពិធីដង្ហែនេះទាំងអស់គ្នា ដោយមានស្លៀកពាក់ជាឯកសណ្ឋាន និងគ្រឿងឥស្សរិយយស ដែល​ជាការ​រំឭក​ពី​ឋានៈ​នីមួយៗ ដែលពួកទ្រង់ទទួលបាន នៅក្រោមរបបរបស់​ព្រះមហាក្សត្រិយានី។ ជាមួយគ្នានេះ លោក Justin Welby ដែលជាអាចារ្យនៃព្រះវិហារ Canterbury ក៏បានដឹកនាំពិធីខ្លីមួយផងដែរ។

ព្រះសពរបស់ព្រះមហាក្សត្រិយានី នឹងតម្កល់រហូតដល់ព្រឹកថ្ងៃច័ន្ទ ហើយក្រុមនាវិកនៅក្នុងឯកសណ្ឋានជាកងទ័ពជើងទឹក (Royal Navy) នឹងនាំយកមឈូសរបស់ទ្រង់ទៅព្រះវិហារ Westminster Abbey សម្រាប់ពិធីបុណ្យសពរបស់ទ្រង់។

ប្រជារាស្ត្រជា​ច្រើន​បាន​រង់​ចាំ​រាប់​ម៉ោង​ ដើម្បី​ទស្សនា​ក្បួន​ដង្ហែ និង​គោរព​វិញ្ញាណក្ខន្ធរបស់ម្ចាស់ក្សត្រី Elizabeth II ជាលើក​ចុង​ក្រោយ។ ក្នុងនោះ ស្ត្រី​ម្នាក់​បាន​និយាយ​ថា៖«ទ្រង់​ជា​ស្ត្រី​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​អ្វី​ដែល​យើង​អាច​និយាយ​បាន​ គឺសូម​ព្រះ​ប្រទាន​ពរ​ដល់​ម្ចាស់ក្សត្រី»។ ជាមួយគ្នានេះ បុរស​ម្នាក់​បាន​និយាយ​ថា៖«ទ្រង់គឺ​ជា​ការ​បំផុស​គំនិត​ដ៏​ស្រស់​ស្អាតបំផុត។ ហើយ​វា​ជា​ថាមពលចលករមួយ ដែលមាននៅក្នុងនោះ​»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: