អន្តរជាតិ

សម្តេចប៉ាប ហ្វ្រង់ស៊ីស បាននិយាយថា វាជារឿងស្របច្បាប់ក្នុងការបញ្ជូនអាវុធទៅអ៊ុយក្រែន ដើម្បីជួយដល់ពួកគេក្នុងការការពារខ្លួន

BY
autoadmin
September 16, 2022

សម្តេចប៉ាប ហ្វ្រង់ស៊ីស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាជារឿងស្របច្បាប់សម្រាប់ប្រជាជាតិនានា ក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដើម្បីជួយប្រទេសនេះ ការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ ត្រឡប់ពីដំណើរកម្សាន្តរយៈពេល ៣ថ្ងៃ របស់សម្ដេចទៅកាន់ប្រទេសកាហ្សាក់ស្ថាន សម្ដេចបានជំរុញទីក្រុងគៀវ គួរបើកចំហសម្រាប់ការសន្ទនាជាយថាហេតុ បើទោះបីជាវាអាចនឹងលំបាកខ្លាំងសម្រាប់ភាគីអ៊ុយក្រែនក៏ដោយ។ ជម្រាបដែរថា សម្តេចប៉ាបធ្វើដំណើរទៅកាន់ប្រទេសកាហ្សាក់ស្ថាន ដើម្បីចូលរួមសមាជមេដឹកនាំសាសនាមកពីជុំវិញពិភពលោក។

ក្នុង​សន្និសីទ​សារព័ត៌មាន​រយៈពេល ៤៥ នាទី អ្នក​យក​ព័ត៌មាន​បាន​សួរ​ថា តើ​វា​ត្រឹមត្រូវ​តាម​សីលធម៌​សម្រាប់​ប្រទេស​នានា​ ដែល​បញ្ជូន​អាវុធ​ទៅ​អ៊ុយក្រែន ​ឬ​អត់? គាត់បានពន្យល់អំពីគោលការណ៍ «សង្គ្រាម» របស់សាសនាចក្ររ៉ូម៉ាំងកាតូលិក ដែលអនុញ្ញាតឱ្យមានការប្រើប្រាស់អាវុធប្រល័យលោក ក្នុងសមាមាត្រសម្រាប់ការពារខ្លួនប្រឆាំងនឹងប្រទេសឈ្លានពាន។ សម្តេចប៉ាប ហ្វ្រង់ស៊ីស បាននិយាយថា៖«វាអាចជារឿងអសីលធម៌ ប្រសិនបើចេតនាកំពុងបង្កសង្រ្គាម ឬលក់អាវុធ ឬបោះចោលអាវុធដែលប្រទេសមួយលែងត្រូវការ… ការការពារខ្លួនអ្នក មិនត្រឹមតែជារឿងយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះប្រទេសរបស់អ្នកផងដែរ»៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: