អន្តរជាតិ

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក ហាន ដុកស៊ូ នឹងទៅចូលរួមពិធីបុណ្យលោក អាបេ ស៊ីនហ្សូ ដែលនឹងប្រារព្ធនៅក្នុងខែនេះ

BY
autoadmin
September 16, 2022

កូរ៉េខាងត្បូងបាននិយាយថា នាយករដ្ឋមន្ត្រីលោក Han Duck-soo នឹងចូលរួមពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo នៅក្នុងខែនេះ ដែលវា​នឹងក្លាយ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ប្រហែល ៣​ឆ្នាំ​ សម្រាប់​នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាង​ត្បូង​ ដែល​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន។ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អនុប្រធានសភាជាតិលោក Chung Jin-suk ក៏នឹងចូលរួមពិធីបុណ្យសព ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី២៧ ខែកញ្ញា នៅទីក្រុងតូក្យូផងដែរ។ ជម្រាបដែរថា លោក Chung ក៏ជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបដែរ ដោយលោកគឺជាដឹកនាំសហជីពសមាជិកសភាកូរ៉េខាងត្បូង-ជប៉ុន។

ពេលវេលាចុងក្រោយ ដែលនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន គឺនៅក្នុងកំឡុងខែតុលា ឆ្នាំ២០១៩ នៅពេលដែលលោក Lee Nak-yon បានចូលរួមពិធីឡើងគ្រងរាជ្យរបស់អធិរាជជប៉ុន Naruhito។ ក្រសួងការបរទេសបាននិយាយថា នាយករដ្ឋមន្ត្រីលោក Han Duck-soo គ្រោងនឹងជួបមេដឹកនាំនយោបាយ និងធុរកិច្ចជប៉ុន ក្នុងអំឡុងពេលទស្សនកិច្ចនេះ។ ជម្រាបដែរថា ទំនាក់​ទំនង​រវាង​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង ​មាន​ភាព​តានតឹង​ដោយសារ ការទាមទារថ្លៃ​កម្លាំង​ពលកម្ម​ក្នុង​សម័យ​សង្គ្រាម និង​បញ្ហា​ផ្សេង​ទៀត។ ក្រុមអ្នកវិភាគនិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol កំពុងស្វែងរកការបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសជប៉ុន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: