អាមេរិកព្រមានអំពីការវិវត្តន៍ ឬ បំលែងថ្មីនៃជំងឺអុតស្វា ព្រមទាំងអាចប្រឆាំងទៅនឹងថ្នាំព្យាបាលថែមទៀតផង
- BY
- autoadmin
- September 25, 2022
យោងតាមសារព័ត៌មាន Channel news Asia ដែលបានចុះផ្សាយកន្លងទៅបានអោយដឹងថា៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក មានការណែនាំចុងក្រោយបង្អស់អំពី ថ្នាំ Tecovirimat (TPOXX) ដែលត្រូវបានប្រើ ដើម្បីព្យាបាលអ្នកជម្ងឺអុតស្វាចំនួនរាប់មុឺននាក់ទៅហើយ។ ដោយមានពាក្យណែនាំនានាត្រូវបានផ្សព្វផ្សាយនិងចែករំលែកនៅតាមបណ្តាសង្គមអនឡាញពាក់ព័ន្ធនឹងថ្នាំព្យាបាលជម្ងឺអុតស្វា ព្រមទាំងដាស់តឿនថា៖ ប្រសិនបើមានតែម៉ូលេគុលមួយនៃមេរោគអុតស្វា ត្រូវបានផ្លាស់ប្តូរតែមួយនោះ វាអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃថ្នាំ TPOXX ដែលត្រូវបានប្រើដើម្បីព្យាបាល។ លើសពីនេះទៅទៀត គេបានរកឃើញថា មេរោគនេះកំពុងវិវត្តន៍ឥតឈប់ឈរ ដើម្បីជំនះឧបសគ្គ ក្នុងការរីករាលដាលឬការឆ្លង នេះរួមបញ្ចូលទាំងភាពធន់នឹងថ្នាំ ដោយ FDA បានរំលឹកឡើងវិញថា គ្រូពេទ្យគួរតែប្រុងប្រយ័ត្ន និងម៉ត់ចត់បន្ថែមទៀតក្នុងការចេញវេជ្ជបញ្ជា។
ចំណែកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា ចំពោះថ្នាំ TPOXX មិនគួរត្រូវបានផ្តល់ឱ្យដល់មនុស្សពេញវ័យដែលមានសុខភាពល្អ ឬមានជំងឺស្រាលនោះទេ។ ដោយសារតែអ្នកជំងឺភាគច្រើនគឺមានប្រព័ន្ធភាពស៊ាំល្អ ដូចនេះការមើលថែយ៉ាងជិតស្និទ្ធ និងការផ្តល់ថ្នាំគ្រប់គ្រងការឈឺចាប់អាចនឹងគ្រប់គ្រាន់សម្រាប់ការព្យាបាលក្នុងខណៈពេលនេះហើយ។
គួរបញ្ជាក់អោយដឹងផងដែរថា៖ ការចេញមកធ្វើចលនាបែបនេះកើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ បន្ទាប់ពីអង្គការថែទាំអ្នកផ្ទុកមេរោគអេដស៍ និងអង្គការផ្សេងទៀតបានចេញមករិះគន់ ចំពោះរដ្ឋាភិបាលរបស់លោក Joe Biden និងបានអំពាវនាវឱ្យមានសកម្មភាពដើម្បីធ្វើឱ្យថ្នាំ TPOXX ដែលជាថ្នាំសម្រាប់ព្យាបាលជម្ងឺអុតស្វា កាន់តែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។
ជាមួយគ្នានេះដែរ ថ្នាំនេះត្រូវបានអនុញ្ញាតអោយប្រើប្រាស់ចំពោះអ្នកជំងឺដែលមានជំងឺអុតស្វា និងត្រូវបានប្រើប្រាស់ក្នុងការសាកល្បងដើម្បីព្យាបាលជម្ងឺអុតស្វា ក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងមុឺងម៉ាត់ពីរដ្ឋាភិបាលកណ្តាល ដោយវេជ្ជបណ្ឌិតដែលចេញវេជ្ជបញ្ជាឱសថនេះត្រូវតែដាក់ពាក្យស្នើរសុំទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក។ ខណៈពេលដែលអ្នកជំងឺត្រូវតែចុះហត្ថលេខាយល់ព្រមដើម្បីទទួលការតាមដានរោគសញ្ញា ហើយផលប៉ះពាល់ដែលអាចកើតឡើង ដោយពេលនេះដែរអាជ្ញាធរបានប្រគល់ថ្នាំចំនួន ៣៧០០០ គ្រាប់ទៅឲ្យគ្រូពេទ្យរួចរាល់ហើយ៕
អត្ថបទ៖ Bee
ប្រភព៖channel NewsAsia
- Share This Post: