ប្រទេសចិននឹងដាក់ទណ្ឌកម្មលើនាយកប្រតិបត្តិរបស់អាមេរិកចំនួន ២រូប ជុំវិញការលក់អាវុធទៅឱ្យកោះតៃវ៉ាន់
- BY
- autoadmin
- September 17, 2022
ប្រទេសចិនបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មលើមេដឹកនាំនៃក្រុមហ៊ុនការពារជាតិអាមេរិកចំនួន ២រូប ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេ នៅក្នុងការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនទៅឱ្យតៃវ៉ាន់។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Mao Ning បាននិយាយកាលពីថ្ងៃសុក្រថា នាយកប្រតិបត្តិនៃក្រុមហ៊ុន Raytheon Technologies លោក Gregory Hayes និងនាយកអង្គភាពការពាររបស់ Boeing លោក Ted Colbert នឹងត្រូវទទួលរងការដាក់ទណ្ឌកម្មនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

ការសម្រេចចិត្តនេះ កើតឡើងបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជូនដំណឹងដល់សភាកាលពីដើមខែ អំពីផែនការរបស់ខ្លួនក្នុងការផ្គត់ផ្គង់អាវុធដល់តៃវ៉ាន់ រួមទាំងមីស៊ីលប្រឆាំងនាវា និងមីស៊ីលពីអាកាសដែលមានតម្លៃ ១.១ ពាន់លានដុល្លារ។ លោកស្រី Mao បានរិះគន់ការលក់នេះ ដោយនិយាយថា អាមេរិកបំពានគោលការណ៍ «ចិនតែមួយ» និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន ទំនាក់ទំនងចិន-អាមេរិក និងសន្តិភាព និងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់។
លោកស្រីបានជំរុញឱ្យអាមេរិកចៀសវាងការលក់អាវុធឱ្យតៃវ៉ាន់ និងឈប់បង្កើតកត្តាដែលបង្កើនភាពតានតឹងឆ្លងកាត់ច្រកសមុទ្រ។ លោកស្ រីMao បានព្រមានថា ប្រទេសចិននឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ ទៅតាមវិធីដែលស្ថានការណ៍វិវត្តន៍៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






